រាជធានីភ្នំពេញ ៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើង ដោយប្ដីយកកូនកាំបិតចាក់សម្លាប់ប្រពន្ធក្នុងបន្ទប់ ខណៈអ្នកភូមិបានលឺសំឡេងប្រពន្ធស្រែកយំ ហើយលឺសំឡេងប្តីនោះ រត់ចេញក្រៅហៅគេជួយនាំទៅមន្ទីរពេទ្យ រួចរត់គេចខ្លួនបាត់ ដោយយកកូនប្រុស អាយុ៦ឆ្នាំទៅជាមួយ ។
ហេតុការណ៍នេះ បានកើតឡើងតាំងពីវេលាម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លុះនៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បានចុះមកដល់ផ្ទះកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះ អ៊ុក ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះលេខ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកសាកសពប្រពន្ធមាន ឈ្មោះ CAO THI BICH PHUONG អាយុ៣៧ឆ្នាំ (យោងលិខិតមរណភាពរបស់គ្លីនិក១១៥ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានស្លាប់នៅវេលាម៉ោង ៧និង ២០នាទីព្រឹក) មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ លោកវរសេនីយ៍ទោ កែវ ម៉ីឧត្តម អធិការរងនគរបាលខណ្ឌមានជ័យ បានរាយការណ៍មកការិយាល័យ និងតាមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យបានចាត់តាំងកម្លាំងជាបន្ទាន់ចុះទៅកន្លែងកើតហេតុ ក្នុងនោះ សមត្ថកិច្ចបានរកឃើញ កាំបិតចុងស្រួចដងជ័រ១ដើម ដែលជនសង្ស័យជាប្តី ចាក់សម្លាប់ប្រពន្ធ។
តាមសម្តីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុនោះ គាត់កំពុងនៅក្នុងផ្ទះ ស្រាប់តែលឺសម្លេងជនរងគ្រោះស្រែកហៅឲ្យជួយផង ទើបគាត់ចេញមក ឃើញជនរងគ្រោះឈរយកដៃខ្ទប់ពោះខាងឆ្វេង គាត់សួរនាំ ហើយជនរងគ្រោះប្រាប់ថាប្តីចាក់ រួចរត់គេចខ្លួនបាត់ហើយ គាត់ក៏បានជិះម៉ូតូឌុបជនរងគ្រោះទៅគ្លីនិក១១៥ ហើយគ្រូពេទ្យបានបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់, លុះព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ទើបទទួលដំណឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ។
យោងតាមលិខិតមរណភាពរបស់គ្លីនិក១១៥ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថាស្លាប់ដោយសារខ្សោះឈាមដោយរបួសនៅពោះខាងឆ្វេង បណ្តាលមកពីការចាក់ ។ ដោយឡែក ស្ថានភាពកន្លែងកើតហេតុ នៅលើឥដ្ឋការ៉ូក្នុងផ្ទះកើតហេតុ ផ្នែកខាងមុខឃើញមានកាំបិតចុងស្រួច ដងជ័រ ពណ៌ខ្មៅ១ដើម ប្រវែងសរុប៣២ស.ម ប្រវែងផ្លែ១៩ស.ម ទទឹងផ្លែ២,៥ស.ម ផ្លែកាំបិតប្រឡាក់ឈាម ហើយសពមាន ស្នាមរបួសដាច់រយះនៅលើពោះខាងឆ្វេង១កន្លែង ទំហំ២,៥x០,៦ស.ម ជម្រៅ៥ស.ម។
ពេលនេះ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យ តំណាងខាងសមាគមន៍ជនជាតិវៀតណាម ប្រចាំប្រទេសកម្ពុជា ដើម្បីបន្តនីតិវិធី ៕ អែល វិចិត្រ