ខេត្តកំពង់ស្ពឺ ៖ មានករណីឆក់កាបូបយួរដៃពីជនរងគ្រោះនៅលើកំណាត់ផ្លូវជាតិលេខ១៤ ៤០ កាលពីវេលាម៉ោង ២និង៥០នាទី រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុច ភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បង្កឡើងដោយជនសង្ស័យ២នាក់ប្រុស ជិះម៉ូតូសេ១២៥ មួយគ្រឿង ធ្វើសកម្មភាពរួចគេចខ្លួនបាត់។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ក្រោយទទួលព័ត៌មានខាងលើ ជំនាញបានរាយការណ៍ជូនថ្នាក់ដឹកនាំ និងបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដ និងមានការចុះដឹកនាំបញ្ជាផ្ទាល់ពីជំនាញព្រហ្មទណ្ឌ នៅវេលាម៉ោង១៥និង៥០នាទី ថៃ្ងទី១៦ សីហា ២០២៣ សមត្ថកិច្ចកំណត់មុខសញ្ញាសង្ស័យនិងឈានទៅឃាត់ខ្លួនឈ្មោះ ឌុច រីណា ភេទប្រុស ២១ឆ្នាំ រស់នៅភូមិបឹងទន្លាប់ ឃុំវល្លិសរ ស្រុកសំរោងទង ក្រោយការសាកសួរជនសង្ស័យឆ្លេីយថាមានបក្ខពួកម្នាក់ទៀត ឈ្មោះ អ៊ុំ សីហា ភេទប្រុស ២០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ជាក់ស្ដែងសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យបាន០២នាក់រួមជាមួយវត្ថុតាង(សម្ភារៈឆក់បាន: ទូរស័ព្ទ ០៥គ្រឿង , កាតធនាគារ ០៣ , អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ,ប័ណ្ណចាក់វ៉ាក់សាំង , ប័ណ្ណ បសស, សន្លឹកពន្ធ , ប័ណ្ណសំគាល់មន្រ្ដីរាជការ , លុយ ២លានរៀល ) រួមជាមួយម៉ូតូមួយគ្រឿង ធ្វើសកម្មភាព ។
ក្នុងកាបូបជនរងគ្រោះមាន ទូរស័ព្ទដៃ០៣គ្រឿង , លុយ ៥លានរៀល រួមជា មួយសម្ភារៈផ្សេងៗមួយចំនួនដូចខាងលេី ជនសង្ស័យចាយប្រាក់អស់៣លានរៀល។
ពេលនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចំណាត់ការតាមនីតិវិធីច្បាប់៕