ខេត្តកោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនិងម៉ូតូសណ្ដោងរទេះ បានបុកគ្នាក្នុងទិសដៅបញ្ច្រាសទិសគ្នា ស្លាប់មនុស្សរហូតដល់ ២នាក់យ៉ាងរន្ធត់ និងឃាត់ខ្លួនបានម្នាក់ ភ្លាមៗ បញ្ជូនទៅសាកសួរ កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៤៨ នៅចំណុចស្ពានអូស្រីស្រណោះ ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ នេះបើយោងតាមគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ អ្នកបើកបររថយន្តឈ្មោះ សៀន ពិសិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរតៃកុងឡាន មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង បើកបររថយន្ដម៉ាក់Hyundai ពណ៌ទឹកក្រូច លាយ សរ ពាក់ស្លាកលេខ ភ្នំពេញ 3C-5147 បើកបរពីកើតមកលិច ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន។
ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ម៉េង ហៀង អាយុ៤៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកបរម៉ូតូម៉ាកVIVA ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរពីរលិចទៅកើត (ស្លាប់) ចំណែកអ្នករួមដំណើរ ឈ្មោះ លុនលីដង់ អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅជាមួយគ្នា(ស្លាប់)។
ពេលនេះ រថយន្ដ និងម៉ូតូ កម្លាំងបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ៕