បុរសម្នាក់ដឹកមិត្តស្រីមកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ ប៊ី ធន កម្ពុជា បាន៤ម៉ោង បែរជាស្លាប់ ក្រុមគ្រួសារសាច់ញាតិមិនអស់ចិត្ត ប្តឹងសមត្ថកិច្ច!!!
សន្តិសុខសង្គម
130

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បាននាំនារីជាមិត្តស្រីរបស់ខ្លួន មកមន្ទីរពេទ្យ ក្រោយមានអាការៈឈឺពោះ សង្ស័យមានបញ្ហាក្រពះ លុះពេទ្យចាក់ថ្នាំ និងព្យួរសារ៉ូម បានមួយយប់ ស្រាប់តែស្រ្តីជនជាតិចិនរូបនោះ បានស្លាប់បាត់បង់ជីវិតទៅវិញ ទើបគ្រួសារជនរងគ្រោះ មិនសុខចិត្ត សង្ស័យគ្រូពេទ្យប្រើប្រាស់ថ្នាំខុសបច្ចេកទេស ផ្អើលដល់កងកម្លាំងសមត្ថកិច្ចចុះមកដល់មន្ទីរពេទ្យ ប៊ីធនកម្ពុជា ដើម្បីធ្វើកោសល្យវិច័យ ពិនិត្យសព កាលវេលាម៉ោង២ រសៀលថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២៣ តាមផ្លូវព្រះមុនីវង្ស ស្ថិតនៅភូមិ១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ ZHENG yiNG ជនជាតិចិន ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានអោយដឹងថាករណីខាងលើ មុនពេលកើតហេតុ កាលវេលាម៉ោង១២និង៣០នាទី កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២៣ បុរសម្នាក់ បានបើករថយន្ត១គ្រឿងដឹកនារីជាមិត្តស្រី របស់ខ្លួន ដែលមានអាការៈឈឺពោះខ្លាំង សង្ស័យមានជំងឺក្រពះ មកមន្ទីរពេទ្យប៊ីធនកម្ពុជា ដោយបានអោយគ្រូពេទ្យពិនិត្យ រហូតមកដល់ម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២៣ នារីរងគ្រោះជាមិត្តស្រីគាត់ ក៏បានស្លាប់បាត់បង់ជីវិតតែម្ដង ទើបគាត់មិនសុខចិត្ត ដោយមានការសង្ស័យបច្ចេកទេសគ្រូពេទ្យប្រើប្រាស់ថ្នាំ ព្យួរសារ៉ូម ខុសបច្ចេកទេសណាមួយ ទើបបណ្ដាលឲ្យមិត្តស្រីគាត់ស្លាប់ និងប្ដឹងសមត្ថកិច្ចផ្នែកជំនាញចុះមកត្រួតពិនិត្យកោសល្យវិច្ឆ័យដើម្បីបញ្ជាក់ពីការស្លាប់នារីជាមិត្តស្រីគាត់ ឲ្យបានច្បាស់ ថាតើបណ្តាលមកពីអ្វី​ ។

ប្រភពបន្តអោយដឹងថា តាមការពិនិត្យសពជនរងគ្រោះ នៅលើដៃជនរងគ្រោះ មានស្នាមចាក់ម្ជុលចំនួន១កន្លែង ហើយសពគ្មានអ្វីសម្គាល់នោះទេ មានសភាពស្គម គ្រូពេទ្យបានរៀបរាប់ ការព្យួរសារ៉ូតែ១កំផ្លោកទេ ។

ក្នុងនោះ តាមការបញ្ជាក់គ្រូពេទ្យថា ជនរងគ្រោះពេលមកដល់មន្ទីរពេទ្យ មានសភាពស្លេក និងទន់ខ្សោយ ទើបអោយសំរាកនិងដាក់ព្យួរសារ៉ូម ស្រាប់តែមកដល់ម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២៣ ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតតែម្ដង ។

ជុំវិញករណីខាងលើ អង្គភាព TVFB បានទំនាក់ទំនងទៅលោក យិន សាន អធិការនគរបាលខណ្ឌចំការមនតាមរយៈទូរស័ព្ទ លោកបានឆ្លើយថា លោកកំពុងប្រជុំនៅស្នងការ មិនទាន់ដឹងនៅឡើយទេ ។

សមត្ថកិច្ចផ្នែកជំនាញ បានបញ្ជាក់ថា ការស្លាប់ខាងលើនេះ រង់ចាំយកទឹកនោមនិងឈាមនារីរងគ្រោះទៅពិនិត្យDNA ទើបបញ្ជាក់ច្បាស់លាស់បាន ថាស្លាប់ដោយសារអ្វីឲ្យប្រាកដ។ ចំណែកនីតិវិធីប្រគល់អោយនគរបាលយុត្តិធម៍បន្តតាមផ្នែកជំនាញ ស្របពេលដែល សពត្រូវបាន យកតម្កល់នៅវត្តទឹកថ្លា រង់ចាំទាក់ទងស្ថានទូតមកពិនិត្យស្វែងរកគ្រួសារសាច់ញាតិ ៕អែល មេសា


Telegram