រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ HONDA PCX ត្រូវរថយន្ដដឹកអ្នកដំណើររបស់ក្រុមហ៊ុន កាពីតូល បុកពីក្រោយ រួចកិនមនុស្ស ស្លាប់ភ្លាមៗយ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូ HONDA PCX ពាក់ស្លាកលេខ ភ្នំពេញ 1HE-1848 តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្ដដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូល ពាក់ស្លាកលេខ បាត់ដំបង 3A-2349 បើកបុកពីក្រោយ រួចកិនបន្ថែម បណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់ គ្រាន់តែឃើញគេស្លាប់ អ្នកបើករថយន្តបង្កខាងលើ ក៏ប្រញាប់ ចុះពីលើរថយន្ត រត់គេចខ្លួនបាត់តែម្តង សល់តែរថយន្តប៉ុណ្ណោះ ។
អ្វីដែលកាន់តែហួសចិត្តនោះ មនុស្សជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅហើយ បែរជាមានជនឆ្លៀតឱកាស មកលួចយកកាបូបលុយ និងទូរស័ព្ទដៃរបស់ជនរងគ្រោះទៅបាត់ទៀត ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកវាស់វែង យករថយន្ដ និងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយតាមច្បាប់ ។ រីឯសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka