រាជធានីភ្នំពេញ ៖ បុរសម្នាក់ សុំលុយប្រពន្ធ ១០០០រៀល ទិញបារីមកជក់ មិនដឹងយ៉ាងម៉េច បែរជាជិះម៉ូតូចេញពីផ្ទះមកបុកដើមព្រីង បោកក្បាលស្លាប់យ៉ាងរន្ធត់ ទុកឲ្យប្រពន្ធយំអាល័យ ត្រូវចិញ្ចឹមកូនដល់ទៅ៣នាក់ ខណៈជីវិតកំពុងលំបាកស្រាប់ទៅហើយ រកតែកលុយ១០ម៉ឺនរៀលក្នុងខ្លួនគ្មានផង ឥលូវប្តីស្លាប់ទៀត មានលុយឯណាធ្វើបុណ្យឲ្យប្តី ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង ៣៧នាទីថ្ងៃត្រង់ទី ១៨ ខែសីហា ឆ្នាំ២០២៣ ក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសម្តីបងស្រីជាប្រពន្ធបានឲ្យដឹងទាំងទឹកភ្នែកថា ប្តីរបស់គាត់មានឈ្មោះ ពៅ សុឃីម អាយុ៤៧ឆ្នាំ មានស្រុកកំណើត នៅភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ គាត់នឹងប្តី មានកូនប្រុសស្រី៣នាក់ ក្នុងបន្ទុកគ្រួសារ ប្រុស១ ស្រី២ រាល់ថ្ងៃ គាត់ខំប្រឹងលក់ប្រហិតតាមរទេះ ត្រុកៗ ថ្ងៃខ្លះម៉ោង១យប់បានមកដល់ផ្ទះ មិនដែលបានដេកគ្រប់គ្រាន់ ប្រឹងរកលុយចិញ្ចឹមកូន ព្រោះពេលនេះសូម្បីលុយ១០ម៉ឺនរៀល ក្នុងខ្លួន គាត់គ្មានលុយផង ។ លុះមុនកើតហេតុនេះ ប្តីរបស់គាត់បានសុំលុយគាត់ ១០០០រៀលទៅទិញបារីក្នុងភូមិជក់ តែមិនដឹងយ៉ាងម៉េច សង្ស័យមិនស្រួលខ្លួន ជិះម៉ូតូចេញពីផ្ទះ បែរជាមកបុកដើមព្រីង ស្លាប់បែបនេះទៅវិញ តើឲ្យគាត់បានលុយពីណាមកធ្វើបុណ្យឲ្យប្តី ។
ពេលនេះសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី ដូច្នេះបើបងប្អូនអាណិតគាត់ សូមជួយគាត់តាមសទ្ធាជ្រះថ្លាផងចុះ តាមរយៈលេខទូរសព្ទបងស្រីជាប្រពន្ធរបស់សពផ្ទាល់ គឺលេខ 097 78 89 041 សូមចូលរួមរំលែកទុក្ខផង ៕ មេសា