ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាព សុំខ្ចីម៉ូតូគេ ទៅរកទិញស្រាឆ្ងាញ់ហើយថ្លៃ ឲ្យភ្ញៀវមកពីឆ្ងាយបានស្គាល់រសជាតិម្តង បែរជាស៊ីដាច់ម៉ូតូគេត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២៣ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធុន ធំ ភេទប្រុ ស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិក្រពើ ត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដកហូតបាន ម៉ូតូម៉ាកHONDA Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2022 (ដោះស្លាក លេខ បាត់ដំបង 1AR-4972បោះចោលបាត់)ចំនួន០១គ្រឿង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣ វេលាម៉ោងប្រមាណ៩យប់ ស្ថិតនៅចំណុចភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីរំលោភលើទំនុកចិត្តមួយបានកើត ឡើងបង្កដោយជនសង័្សយខាងលើ បានសុំខ្ចីម៉ូតូរបស់ឈ្មោះភា វាសនា ហៅ ភើយ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងពេលដែលជនរងគ្រោះបានស្កាត់មកលេងជាមួយអ្នកស្គាល់គ្នាជាម្ចាស់ផ្ទះឈ្មោះ ហោ វ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ នៅចំណុចកើតហេតុខាងលើ ដែលក្នុងការជួបជុំនេះក៏មានការទទួលទានស្រា ហើយក៏មានវត្តមានជនសង័្សយស្ថិតនៅទីនោះដែរ។
ក្នុងពេលទទួលទានទំនងជាស្បើយស្រាទៅហើយនោះ បុរសជាជនសង័្សយហាក់មានចិត្តចង់បន្ថែមបរិយាកាសឱ្យបានវែងបន្តទៀតក៏ផ្តើមសុំខ្ចីម៉ូតូជនរងគ្រោះទៅរកទិញស្រាឆ្ងាញ់ហើយថ្លៃនៅក្នុងមូលដ្ឋាន ដើម្បីឱ្យភ្ញៀវមកពីឆ្ងាយបានស្គាល់រសជាតិនេះម្តង ។
ព្រោះចង់ស្គាល់រសជាតិបែបជនបទ ទើបជនរងគ្រោះ ព្រមឱ្យខ្ចី លុះបានម៉ូតូហើយគេក៏ជិះម៉ូតូនោះចេញបាត់ទៅរហូត រីឯអ្នករង់ចាំស្រាឆ្ងាញ់ ក៏ចេះតែចាំៗៗៗ…..រហូតអស់ទាំងស្រា អស់ទាំងសាច់មិនឃើញវិលត្រឡប់មកវិញ ក៏ចាប់ផ្តើមសង័្សយ ហើយទីបំផុតទើបជនរងគ្រោះប្តឹងមកសមត្ថកិច្ចនគរបាល ។
ក្រោយទទួលបណ្តឹងនេះសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃើញជនសង័្សយ ទើបឃាត់ខ្លួននិងដកហូតវត្ថុតាងបានខាងលើបានមកវិញ តែស្រាដែលឆ្ងាញ់ហើយថ្លៃនោះនៅតែរកទិញមិនបានដដែលពោលគឺបានត្រឹមតែស្រាធូរថ្លៃរហូត…. ។
ពេលនេះម៉ូតូបានប្រគល់ជូនម្ចាស់វិញ។ រីឯជនសង័្សយបានកសាងសំណុំរឿងបញ្ជូន មកអនុវត្តទោសតាមផ្លូវច្បាប់៕