រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វើសិន្នសីតកាសែត បង្ហាញមុខជនសង្ស័យ និងបញ្ជាក់លម្អិត ជុំវិញករណីហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស(វាយគា្នទៅវិញទៅមកប្រដាប់ដោយឈើជ្រុង, ដាវកែច្នៃ, កាំបិតប៉័ងតោ, កាំបិតផ្គាក់, ដំបងឆក់) រវាងជនជាតិខ្មែរ និងជនជាតិវៀតណាម ដែលបានកើតឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១:៣០នាទី ចំណុច ផ្លូវលេខ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ។
នគរបាលខណ្ឌឬស្សីកែវ បញ្ជាក់ថា ចំពោះករណីនេះ មានគូភាគីពីរបង្កឱ្យមានអំពើហិង្សាកើតឡើង គឺគូភាគីម្ខាងដែលជាជនជាតិខ្មែរ បានចូលទៅស្ទូចត្រីក្នុងស្រះចិញ្ចឹមត្រី របស់ភាគីម្ខាងទៀតជាជនជាតិវៀតណាមដែលរស់នៅស្រុកខ្មែ។ ពេលភាគីខាងជនជាតិវៀតណាមឃើញ ក៏បានហៅបក្ខពួកមកដេញចាប់រហូតដល់ត្រង់ចំណុច កើតហេតុខាងលើ ក៏បានចាប់ភាគីខាងជនជាតិខ្មែរបានម្នាក់ ពេលនោះ ភាគីខាងជនជាតិខ្មែរក៏បាន នាំគ្នាមកតទល់គ្នា រហូតបង្កឱ្យមានហិង្សាកើតឡើងឈានទៅដល់មានការប្រើប្រាស់ឈើជ្រុង, ដាវកែច្នៃ, កាំបិត, ដំបងឆក់ វាយគ្នាទៅវិញទៅមកបណ្តាលឱ្យមានរបួសធ្ងន់ស្រាលទាំងសងខាង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចយើងបានហៅគូភាគីទាំងពីរ មកអង្គភាពនគរបាល ដើម្បីបំភ្លឺដោយ អនុវត្តទៅតាមនីវិធីរបស់នគរបាល បន្ទាប់ពីបំភ្លឺរួច មានអ្នកពាក់ព័ន្ធនឹងករណីបង្កហិង្សានេះ ចំនួន ១២នាក់ ខាងភាគីខាងជនជាតិវៀតណាម ចំនួន ០៦នាក់ និងភាគីខាងជនជាតិខ្មែរ ចំនួន ០៦នាក់ បន្ទាប់ពីរាយការណ៍ជូនថ្នាក់ដឹកនាំនគរបាលតាមលំដាប់ថ្នាក់ និងរាយការណ៍ជូន លោក ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ លោកព្រះរាជអាជ្ញា បានបញ្ជាឱ្យឃាត់ខ្លួន និង កសាងសំណុំរឿង ភាគីទាំងសងខាង សរុបចំនួន ១២នាក់ បញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់។
ចំពោះករណីនេះ មានប្រជាពលរដ្ឋ និងសាព័ត៌មានមួយចំនួន បានផ្សព្វផ្សាយព័ត៌មានខុសពីការពិត និងធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូ របស់សមត្ថកិច្ច។ នគរបាលខណ្ឌឫស្សីកែវ សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ និងបណ្ដាអ្នកសារព័ត៌មានទាំងឡាយ មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយសូមឱ្យពិនិត្យ និងសាកសួរគ្រប់គូភាគី និងសមត្ថកិច្ច ចៀសវាង ការលើកឡើងព័ត៌មានតែមួយជ្រុង ឬភាគីម្ខាង ដែលធ្វើឱ្យប្រជាពលរដ្ឋទូទៅមានការភ័ន្តច្រឡំ និង ចោទប្រកាន់ទៅលើភាគីណាមួយខុសពីការពិត ព្រមទាំងមានការរើសអើង។
ជាចុងក្រោយ នគរបាលខណ្ឌឬស្សីកែវ ក៏បានអំពាវនាវដល់សាធារណៈជន ក៏ដូចជាប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ចូលរួមសហការផ្តល់ព័ត៌មាន ឬ សុំអន្តរាគមន៍មកសមត្ថកិច្ចក្នុងមូលដ្ឋាន ជៀសវាងការបង្កអំពើហិង្សា និងការផ្សព្វផ្សាយព័ត៌មាន មិនពិត ៕