ព្រឹកឡើង ងូតទឹក ដើម្បីមកធ្វើការរោងចក្រ បែរជារអិ..លដួលស្លា...ប់ក្នុងបន្ទប់ទឹក!
សន្តិសុខសង្គម
107

រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈចូលក្នុងបន្ទប់ទឹក ដើម្បីងូតទឹក ទៅធ្វើការ បែរជារអិលដួលស្លាប់ ទៅវិញ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ជាង៨ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ នៅចំណុចបន្ទប់ជួល ក្នុងភូមិជម្ពូវន្ត២សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសម្តីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អឿ អន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើ ដោយមានស្រុកកំណើតនៅភូមិចានទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ហើយមុនពេលកើតហេតុ ពូថ្លៃរបស់គាត់បានតេទូរសព្ទ មកគាត់ថា ឲ្យមកមើលជនរងគ្រោះនៅផ្ទះបន្តិច លឺថាមិនស្រួលខ្លួន សន្លប់ក្នុងបន្ទប់ទឹក តែពេលដល់ ជនរងគ្រោះបានស្លាប់ទៅហើយ ។

ដោយឡែកបើតាមប្រភពព័ត៌មានពីអ្នករស់នៅជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ ទំនងជាជនរងគ្រោះ គាត់ចូលបន្ទប់ទឹក ងូតទឹកមកធ្វើការ តែដោយសារគាត់មានជំងឺបេះដូង សុខភាពក៏ខ្សោយផងនោះ ក៏រអិលដួលផ្កាប់មុខចូលចានបង្គន់ ស្លាប់តែម្តងដោយគ្មានអ្នកដឹង តែដោយសារប្លែកមិនឃើញជនរងគ្រោះចេញពីបន្ទប់ទៅធ្វើការ ម្ចាស់ផ្ទះឆ្ងល់ក៏គោះទ្វាស្រែកសួរ តែចាក់សោរពីក្នុង លុះគាស់ទ្វារចូលមើល ក៏ឃើញស្លាប់ក្នុងបន្ទប់ទឹកបែបនេះតែម្តង ។

ក្រោយកើតហេតុ នគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយ នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្តនគរបាលរាជធាភ្នំពេញ ចុះមកធ្វើការពិនិត្យសព បញ្ជាក់ថា ពិតជារអិលដួលស្លាប់ដោយខ្លួនឯងពិតមែន និងប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តតាកែវ ៕ អែល វិចិត្រ


Telegram