ប្តីទៅខេត្តបាត់ ប្រពន្ធឈឺពោះឆ្លងទន្លេ សម្រាលបានកូនស្រីម្នាក់នៅមុខបន្ទប់ជួល មុខមាត់គួរឲ្យខ្នាញ់!
សន្តិសុខសង្គម
325

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយអ្នកជិតខាងរស់នៅបន្ទប់ជួលជិតគ្នា នាំគ្នាជួយ ដោយ ខ្លះយកភួយមកបាំង ខ្លះទៀតជួយសម្រាលកូនក្នុងផ្ទៃ ខណៈស្ត្រីជាម្តាយ ដែលរស់នៅតែឯង បានឈឺពោះសម្រាលភ្លាមៗ ទៅពេទ្យមិនទាន់ ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលទល់មុខរោងចក្រអាមេរិចកាំង ដែលមានទីតាំង តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីខាងលើ បានមករស់នៅបន្ទប់ជួលខាងលើ រយៈពេលជិត១ឆ្នាំមកហើយ ព្រោះតាមការបញ្ជាក់ពីស្ត្រីខាងលើ ប្តីរបស់គាត់ទៅធ្វើការនៅខេត្តកោះកុង ចំណែកគាត់រស់នៅបន្ទប់ជួលខាងលើតែម្នាក់ឯង ទាំងមានកូនក្នុងផ្ទៃ ស្រាប់តែនៅម៉ោងខាងលើ គាត់ក៏ឈឺពោះសម្រាលកូនភ្លាមៗ ទៅពេទ្យមិនទាន់ ប្តីក៏ឡើងពីខេត្តមកមិនទាន់ ក៏សម្រាលនៅមុខបន្ទប់ជួល ផ្អើលអ្នកជិតខាង នាំគ្នា ខ្លះយកភួយមកបាំង ខ្លះទៀតជួយសម្រាលកូនក្នុងផ្ទៃ ចេញមកក្រៅបានដោយសុវត្ថិភាព ដោយកូននេះ ជាកូនស្រី មានមុខមាត់គួរឲ្យខ្នាញ់ខ្លាំងណាស់ ។

ភ្លាមៗបងប្អូនប្រជាពលរដ្ឋក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកជួយពិនិត្យ និងបានទាក់ទងហៅរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង មកដឹកយកទាំងម្តាយនិងកូនខាងលើ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះនិងមើលថែបន្ត ៕មេសា


Telegram