អាជ្ញាធរខេត្តកំពង់ស្ពឺ និងប្រើធម៌ក្តៅលើ ហាងនិងខារ៉ាអូខេ ដែលមិនអនុវត្តតាមការណែនាំ
សន្តិសុខសង្គម
251

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តបានណែនាំទៅគ្រប់បណ្តាក្លឹបកម្សាន្ត ភោជនីយដ្ឋាន ខារ៉ាអូខេ ទាំងអស់ឱ្យផ្អាកដំណើរការបណ្តោះអាសន្នសិនដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ថ្មីៗនេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានធ្វើការជូនដំណឹង និងណែនាំបន្ថែមទៅដល់បណ្តាស្រុក-ក្រុងទាំង៨ ឱ្យបញ្ឈប់ជាបន្ទាន់នូវការរៀបចំពិធីអាពាហ៍ពិពាហ៍ ជប់លៀង និងពិធីជួបជុំផ្សេងៗផងដែរ។

ក៏ប៉ុន្តែអ្វីសំខាន់ បន្ទាប់ពីសង្កេតឃើញខារ៉ាអូខេមួយចំនួននៅតែបំពានកគ្លើននឹងការណែនាំរបស់រាជរដ្ឋាភិបាល ដោយលួចបើកទទួលភ្ញៀវឱ្យចូលហូបចុក ផឹកស៊ី និងច្រៀងជាម្មតានោះ ជាមួយគ្នានោះ អាជ្ញាធរបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការព្រមានដល់គ្រប់ម្ចាស់ទីតាំងដែលនៅបន្តលួចបើកដែលបំពាននឹងការណែនាំកាលពីវេលាម៉ោង ៩ ដល់ម៉ោង ១២យប់ រំលងអធ្រាត្រ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅលើមូលដ្ឋានទឹកដីស្រុកភ្នំស្រួច។

លោក ស សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺបានត្រូវបណ្រាញព័ត៍មានស្រង់ប្រសាសន៍មកថា ទោះជាមានការជូនដំណឹងរបស់រដ្ឋបាលខេត្ត និងកន្លែងកម្សាន្តខ្លះធ្លាប់បានធ្វើកិច្ចសន្យាផ្អាកដំណើរការបណ្តោះអាសន្នរួចហើយនោះ ក៏នៅមានម្ចាស់ភោជនីយដ្ឋាន ក្លិបកម្សាន្ត ខារ៉ាអូខេ និងកម្មវិធីជប់លៀងផ្សេងៗនៅតែបន្តធ្វើ និងលួចបើកធ្វើអាជីវកម្មដដែល។ ដោយមើលឃើញពីករណីមិនស្តាប់តាមការណែនាំ និងផ្គើននឹងអាជ្ញាធរមិនព្រមចូលរួមសហការក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទើបដឹកនាំក្រុមការងារចម្រុះ មានមន្ទីរជំនាញទេសចរណ៍ មន្ទីរសុខាភិបាល អាជ្ញាធរស្រុកចុះប្រតិបត្តិការក្តៅលើទីតាំងលួចលាក់បើកក្នុងមូលដ្ឋានឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

សូមបញ្ជាក់ថា ក្រោយក្រុមការងារចុះដល់ ម្ចាស់ទីតាំងទាំងអស់ហាក់មានការដឹងខ្លួនមុន ខ្លះបានធ្វើការជំលៀសឱ្យភ្ញៀវចេញ ហើយខ្លះបង្វែរឱ្យភ្ញៀវទៅអង្គុយក្នុងកញ្ចុះដើម្បីបង្វែរដានសមត្ថកិច្ច។ តែទោះជាយ៉ាងនេះក៏ដោយ អ្វីដែលសមត្ថកិច្ចបានរកឃើញគឺ គ្រប់ហាងទាំងអស់សុទ្ធតែបើកភ្លើង និងគ្រប់បន្ទប់មានរៀបចំចាន កែវ រួចស្រេចដើម្បីត្រៀមលក្ខណៈក្នុងការទទួលភ្ញៀវ។

ទោះយ៉ាងនេះក៏ដោយ លោក ស សុពុត្រា បានធ្វើការអប់រំដល់ម្ចាស់អាជីវកម្មទាំងនោះឱ្យបញ្ឈប់អាជីវកម្មរបស់ខ្លួនមួយរយៈដើម្បីចូលរួមកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕ 


Telegram