រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលជាតិម្នាក់បានបើករថយន្តម៉ាកឡិចស៊ីសRX330មួយគ្រឿងដឹកប្រពន្ធ និងកូន ស្រាប់តែក្រឡាប់ធ្លាក់ពីលើស្ពាន បណ្តាលអោយកូនស្រីម្នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន៤នាក់ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១១ និង៣០យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំនុចស្ពានបាក់ ផ្លូវជាតិលេខ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អ្នកបើកបររថយន្តខាងលើមានឈ្មោះ លី ឡាំ ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាលជាតិ (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត) បានបើករថយន្តម៉ាក LEXUS RX330 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AU- 8503 ។ចំណែកអ្នករួមដំណើរទាំង៤នាក់ រួមមាន ១-ឈ្មោះ ឈុន ហ្គួចទៀង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត) ២-ឈ្មោះ លី ហ្គួចជូ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ សិស្ស (ស្លាប់នៅកន្លែងកន្លែងកើតហេតុ) ។
៣-ឈ្មោះ លី ជីងជីង ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធ:បុប្ផា) និង៤-ឈ្មោះ លី សុប៉ុង ភេទប្រុស អាយុ១១ឆ្នាំ មុខរបរ សិស្ស (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធ:បុប្ផា) ទាំងអស់គ្នាមានទីលំនៅ ភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌដង្កោបានអោយដឹងថាមុនពេលកើតហេតុរថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏រ៉េចង្កូតទៅស្តាំធ្លាក់ស្ទឹងតែម្ដង។មូលហេតុមកពីអ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ចំណែករថយន្តរងការខូចខាតធ្ងន់ធ្ង។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចបានស្ទូចរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ . ចំណែកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖លីណា





