រថយន្ត បុកជាមួយគោយន្តកន្រ្តៃ ស្លា....ប់បុរសម្នាក់យ៉ាងរ....ន្ធ...ត់លើផ្លូវជាតិលេខ៥
សន្តិសុខសង្គម
130

ខេត្តពោធិ៍សាត់ ៖ ពិតជារន្ធត់ណាស់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត Toyota Prius និងគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសជាអ្នកបើកបរគោយន្តកន្ត្រៃ ០១នាក់ស្លាប់ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ ១៣៤-១៣៥ ស្ថិតក្នុងភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ វេលាម៉ោង៦ល្ងាច នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ៖ មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ បានបើកគោយន្តកន្ត្រៃ ម៉ាក គូបូតា ពណ៌ក្រហម ធ្វើចរាចរណ៍ក្នុងទិសដៅពីជើងទៅត្បូង ឆ្លងថ្នល់ជាតិ ខណៈនោះស្រាប់តែមាន រថយន្ត ម៉ាក Toyota Prius ពណ៌ក្រហម ពាក់ស្លាកលេខ កម្ពុជា RAYUTH69 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន បានបុកគោយន្តកន្ត្រៃយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរគោយន្តរងរបួសធ្ងន់។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងបានចុះជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះលើដងផ្លូវ និងបានដឹកបញ្ជូនជនរងគ្រោះ ទៅមណ្ឌលសុខភាព ដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសល ជនរងគ្រោះបានស្លាប់ ពេលបញ្ជូនទៅដល់មណ្ឌលសុខភាព ឃុំអន្សាចំបក់។

លោកអធិការ បានបន្តថា ៖ ជនរងគ្រោះជាអ្នកបើកបរគោយន្តមានឈ្មោះ យ៉ន សាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំពោះអ្នកបើកបររថយន្ត ក្រោយពេលបង្កហេតុ បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ។

លោកបានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងមកពី កត្តាបើកបរដោយខ្វះការប្រុងប្រយ័ត្ន និងកត្តាល្បឿន តុល្យភាពខូចខាត បណ្ដាលឲ្យខូចខាត រថយន្ត ០១គ្រឿង គោយន្តកន្ត្រៃ ០១គ្រឿង ស្លាប់មនុស្ស០១នាក់ យោងតាមនិទ្ទេសរបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ បានឲ្យកម្លាំងជំនាញធ្វើកំណត់ហេតុប្រគល់-ទទួលសពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងរថយន្ត និងគោយន្តកន្ត្រៃ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលអន្សាចំបក់ ជាបណ្ដោះអាសន្ន៕


Telegram