យោងតាមការចេញផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
បានឳ្យដឹងថា តាមច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ របស់កម្ពុជា គឺក្នុងមាត្រា៣៩ បានចែងថា ជនណាដែល កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាពអាសអាភាសត្រូវមានទោសពី ៧ថ្ងៃ ដល់១ខែ និងពិន័យជាទឹកប្រាក់ចំនួន ១សែនរៀល ដល់២សែនរៀល។
ក្នុងមាត្រាដដែល សម្រាប់បុគ្គលណាដែលបានផលិតរូបភាព និងសម្ភារៈអាសអាភាសក្នុងគោលបំណងយកទៅប្រើប្រាស់ ឬ ប្រព្រឹត្តបទល្មើសណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ដល់២លានរៀល។
ចំពោះច្បាប់ដដែលសម្រាប់កុមារវិញ នៅក្នុងមាត្រា៤១ ទាក់ទងនឹងរូបភាព និងសម្ភារៈអាសអាភាសនៃកុមារបានចែងមកថា ជនណាដែលកាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាព និងសម្ភារៈនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល ដល់១០លានរៀល។ ជនណាដែលផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។