ខេត្តកំពង់ចាម ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តក្រុងមួយគ្រឿង បានបើកឡើងសួនច្បារចែកទ្រូងផ្លូវ រួចផ្លោងក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង ៤ និង៥៥នាទី ទៀបភ្លឺថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៦ ចំណុចចន្លោះគីឡូម៉ែត្រលេខ ៤៩-៥០ ភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។ នេះបើយោងតាមរបាយការណ៍របស់ Hotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះ ជារថយន្តក្រុង ដឹកអ្នកដំណើរ ម៉ាកគា ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-7199 បើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ អ្នកបើកបរងងុយដេក ក៏បើកឡើងសួនច្បារបណ្តាលឲ្យក្រឡាប់ផ្ងារជើងដោយខ្លួនឯងតែម្តង តែសំណាងក្នុងហេតុការណ៍នេះគ្មានអ្នករបួសនោះទេ ៕
នៅវេលាម៉ោង ០៨:៣៦ នាទី ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ករណីខាងលើស្ថិតនៅ ផ្លូវជាតិលេខ៦ ចំណុចចន្លោះគីឡូម៉ែត្រលេខ ៤៩-៥០ ភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពុងចាម ។