លោក មុំ សុត អនុប្រធានមន្ទីរការងារខេត្តកែប ត្រូវបានសាលាដំបូងខេត្តកែប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារ ពាក់ព័ន្ធករណី ឆបោក
សន្តិសុខសង្គម
325

ខេត្តកែប៖ លោក មុំ សុត អនុប្រធានមន្ទីរការងារខេត្តកែប ត្រូវបានសាលាដំបូងខេត្តកែប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគារ ពាក់ព័ន្ធករណី ឆបោក ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន លេច៨៤/ ២៣ ចេញដោយលោក ហោ គាឡេង​ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកែប បានឲ្យដឹងថា ឈ្មោះ មុំ សុត ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ តួនាទីអនុប្រធានមន្ទីរការងារខេត្តកែប កម្រិតវប្បធម៌បរិញ្ញាបត្រ ទីកន្លែងកំណើតភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិក្រាំងលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោក ប្រព្រឹត្តនៅភូមិខ្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ កាលពីកំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដោយយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៦៩ អ.យ.ក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តកែប ។

បានឃើញដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ២៣០ /២៣ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។

- បង្គាប់

១- ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ មុំ សុត ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ (មានសាវតាជាតិដូចខាងលើ) ទៅពន្ធនាគារខេត្តកែប ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវីធីច្បាប់ ៕

២- ឲ្យលោកប្រធានពន្ធនាគារខេត្តកែប ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបញ្ជារថ្មី សម្រេចផ្សេងពីនេះទៀត ។

៣- ឲ្យគ្រប់ភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់ ៕


Telegram