ដូចក្នុងហ្គេមGTA! ម្ចាស់ទើបមកពីហូបការគេ ឈប់រថយន្តចុះចាក់សោររបង លោកចោរដើរមកបើកទ្វារ ជាន់ហ្គែបើករត់ចេញពីខណ្ឌពោធិ៍សែនជ័យ មកចាប់បាននៅខណ្ឌជ្រោយចង្វារ
សន្តិសុខសង្គម
117

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចរថយន្ត​ Camry ឆ្លាមរបស់គេ ដែលម្ចាស់ទើបតែត្រឡប់ពីការគេវិញ ចុះបើកទ្វាររបងផ្ទះបានសម្រេច រួចបើករត់គេចខ្លួន ចេញពីក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលា​ម៉ោង​១០និង៣០នាទីយប់​ ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២៣ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ធ្វើការឃាត់បាន ភ្លាមបញ្ជូនទៅអធិការនគរបាលខាងជ្រោយចង្វារភ្លាមៗ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ ដែលជាម្ចាស់រថយន្ត Camry ឆ្លាម ដែលពាក់ស្លាកលេខ ភ្នំពេញ 2L 8029 បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ទើបតែចេញពីហូបការបងប្អូន រួចបើករថយន្តត្រឡប់មកផ្ទះវិញ ស្រាប់តែរៀបនឹងចាក់សោរចូលផ្ទះ ភ្លាមនោះក៏ត្រូវបានជនសង្ស័យដើរមកលួចបើកទ្វាររថយន្តរបស់គាត់ ហើយបើករថយន្ដរត់គេចខ្លួនចេញពីក្នុងបុរីមួយកន្លែងនៅម្ដុំ បុរីសន្តិភាព២។

ភ្លាមនោះជនរងគ្រោះក៏បានប្ដឹងទៅសមត្ថកិច្ច ឲ្យប្រកាសតាមចាប់រថយន្តខាងលើនោះ។

ក្រោយពីទទួលដំណឹងនោះភ្លាម កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ទទួលបានព័ត៌មាននេះភ្លាម បានប្រញាប់ប្រកាសតាម វិទ្យុទាក់ទងទាំង១៤ ខណ្ឌ បើសិនជាឃើញរថយន្ដត្រូវឃាត់ភ្លាម ពេលនោះសង្ស័យក៏បានជិះរថយន្តខាងលើទៅដល់គោលដៅរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកខណ្ឌជ្រោយចង្វារ ក៏ត្រូវបានសមត្ថកិច្ចអធិការនគរបាលខណ្ឌខណ្ឌជ្រោយចង្វារឃាត់ខ្លួនបាន និងនាំខ្លួនជនសង្ស័យទៅអធិការនគបាលខណ្ឌជ្រោយចង្វាដើម្បីសួរនាំតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌជ្រោយចង្វារក៏ទាក់ទងទៅខណ្ឌពោធិ៍សែនជ័យ ដើម្បីទំនាក់ទំនងរកជនរងគ្រោះ ឲ្យមកទទួលយករថយន្ត និងបញ្ជូនជនសង្ស័យ ទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដែលជាម្ចាស់ករណីវិញ ដើម្បីធ្វើតាមនិតិវិធីច្បាប់ ៕ Mrr Ka


Telegram