ត្រីបាណន់គីង្គក់ ​ឬ Whale Shark ជាសត្វកម្រមាននៅក្នុងដែនទឹកកម្ពុជា វាមិនកាចសាហាវ ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ សូមរួមគ្នាការពារត្រីកម្រនេះ និងធនធានធម្មជាតិដទៃទៀតរបស់កម្ពុជាឱ្យបានគង់វង្ស
សន្តិសុខសង្គម
297

ខេត្តកោះកុង ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហោះនៅថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមល្បាតជលផលនិងសហគមន៍នេសាទ បានប្រទះឃើញត្រីបាណន់គីង្គក់​ឬ Whale Shark មួយក្បាល នៅកោះរ៉ុង។

ការប្រទះឃើញនេះ កើតឡើងក្នុងពេលក្រុមការងារជលផលកំពុងចេញល្បាតទប់ស្កាត់បទល្មើស នាវេលាម៉ោង ៥ និង១០នាទីល្ងាច ត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ​​ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ជាទូទៅ ត្រីបាណន់គីង្គក់ ស៊ីកូនបង្គា មឹក និងកូនត្រី មានប្រវែងរហូតដល់៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំ។

ត្រីនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN។ ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន ។

សូមបញ្ជាក់បន្ថែមថា ត្រីបាណន់គីង្គក់ ​ឬ Whale Shark ដែលជាសត្វកម្រ មានវត្តមាននៅក្នុងដែនទឹកកម្ពុជា តាមរយៈវីដេអូដែលថតបាននាពេលកន្លងមក។

ត្រីបាណន់គីង្គក់ពុំមានចរិតកាចសាហាវ ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ សូមរួមគ្នាការពារត្រីកម្រនេះ និងធនធានធម្មជាតិដទៃទៀតរបស់កម្ពុជាឱ្យបានគង់វង្ស៕


Telegram