អាជ្ញាធរខេត្តសៀមរាបប្រកាសថា នៅឆ្នាំ២០២៤នេះ និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងទូទាំងខេត្ត
សន្តិសុខសង្គម
145

លោក អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាប និង ជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត មានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តឲ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ក្នុងផែនការទស្សនៈវិស័យនៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុង បរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព រដ្ឋបាលខេត្តសៀមរាប សូមប្រកាសថា នៅឆ្នាំ២០២៤នេះ គឺជាឆ្នាំបញ្ចប់នៃការបន្ទោបង់ពាសវាលពាសកាលក្នុងទូទាំងខេត្ត ។

លោក អ៊ឹង គីមលាង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់ខេត្ត ស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ។

លោក អ៊ឹង គីមលាង បន្តថា ដើម្បីសម្រេចបានតាមផែនការនេះ តាមរយៈនៃកិច្ចប្រជុំនេះ សូមលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ ចុះធ្វើការស្រង់ស្ថិតិនៅតាមខ្នងផ្ទះគ្រប់ៗផ្ទះក្នុងទូទាំងខេត្ត ហើយរកឲ្យឃើញថាខ្នងផ្ទះណាដែលគ្មានបង្គន់អនាម័យប្រើប្រាស់ និង ខ្នងផ្ទះណាដែលនៅប្រើប្រាស់បង្គន់អនាម័យរួម ហើយពេលស្រង់បានទិន្នន័យ យើងរួមគ្នាធ្វើការដោះស្រាយ ហើយបើមានឧបសគ្គនៅកន្លែងណា ត្រូវនាំគ្នាទៅដោះស្រាយភ្លាម ហេតុនេះ បើយើងមានឆន្ទៈធ្វើបានតាមផែនការនេះ ទូទាំងខេត្តសៀមរាបយើង ពិតជានឹងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលត្រឹមឆ្នាំ២០២៤នេះប្រាកដមែន ។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តធ្វើឲ្យប្រទេសជាតិទទួលបាននូវការចម្រើនគ្រប់វិស័យ ដែលបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយរដ្ឋបាលខេត្តសៀមរាប ក៏បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍនានានៅតាមមូលដ្ឋានសំដៅកាត់បន្ថយភាពក្រីក្ររនៅក្នុងប្រទេសកម្ពុជាស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ មានការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ។

ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថាការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យ គឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសនៅតំបន់ ជនបទ និងជាអាទិភាពមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការវិនិយោគរបស់គ្រួសារដើម្បីសង់បង្គន់ប្រើប្រាស់តាមខ្នងផ្ទះផ្ទាល់ខ្លួន គឺជាជំហានមួយឆ្ពោះទៅរកការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់ សុខភាពសាធារណៈ សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម ជាម ហ៊ីម បន្តថា ដើម្បីពន្លឿនការសម្រេចឱ្យបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅសហគមន៍ជនបទ សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រអនុវត្តនិងពង្រីកនូវវិសាលភាពនៃកម្មវិធីលើកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ នៅតាមសហគមន៍ អោយបានគ្រប់ ភូមិ ឃុំ ក្នុងខេត្ត ដើម្បីឈានសម្រេចអោយខានតែបាននូវទស្សនៈវិស័យ “នៅឆ្នាំ ២០២៥ ឱ្យមានប្រសិទ្ធភាព ។

គួររំលឹកថា នៅក្នុងខេត្តសៀមរាប មានស្រុកចំនួន ៣ ក្នុងចំណោមក្រុងស្រុកទាំង ១២របស់ខេត្ត រួមមាន ៖ ស្រុកអង្គរជុំ , ស្រុកបន្ទាយស្រី និង ស្រុកស្រីស្នំ បានប្រកាសជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ៕ 

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប 


Telegram