រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូមិនប្រយ័ត្ន ទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿង ហើយខ្ទាតមនុស្សចូលរថយន្តក្រុងដឹកអ្នកដំណើរ កិនផ្ដាច់ជីវិតយ៉ាងរន្ធត់ នៅតាមបណ្តោយផ្លូវទួលពង្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង៧យប់ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូ Honda beat មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1JZ 4225 ធ្វើដំណើរតាមបណ្ដោយផ្លូវទួលពង្រ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏បានវ៉ាជែងនឹងរថយន្តមួយគ្រឿង ដែលមិនចាំស្លាកលេខ ទាក់ដៃចង្កូត ខ្ទាតចូលក្រោមកង់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងទៀត ដែលពាក់ស្លាកលេខ រដ្ឋ37 3-0205 បណ្ដាលឲ្យកិនស្លាប់ភ្លាមៗនៅត្រង់ចំណុចកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានធ្វើការវាស់វែងយករថយន្ដនិងម៉ូតូទៅរក្សាទុកនៅអាស្នងការចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយទៀត ។រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka