ឃាត់ខ្លួនបុរសម្នាក់ ក្រោយឃើញគេអូសអួនក្នុងបឹង​​ យកពូ....ថៅ, ជំពា....ម និងកាំបិ....តខ្វេ...វដេញកា...ប់...
សន្តិសុខសង្គម
195

រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ព្រែកកំពឹស សហការជាមួយនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទគំរាមកំហែង និងធ្វើអោយខូចខាតដោយចេតនា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៦និង៣០នាទីល្ងាច ត្រង់ចំណុចមាត់បឹង ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អឿន សុចន្ធី ហៅ ពៅ ភេទ ប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅភូមិព្រែកកំពឹស សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២រសៀល។ ដកហូតបាន ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JR-1053 , កាំបិតខ្វែវចំនួន០១, ពូថៅចំនួន០១, ចំពាមកៅស៊ូចំនួន០១។

ចំណែកជនរងគ្រោះឈ្មោះ រស់ ភារុំ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ បច្ចុប្បន្នផ្ទះជួល ភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៨ និង ៣០នាទី ជនរងគ្រោះ និងឈ្មោះ ញ៉ាំ ចន្ធី ភេទ ប្រុសអាយុ ៤៣ឆ្នាំ (ត្រូវជាបងថ្លៃ) បានជិះម៉ូតូម៉ាក ហុងដាសេ១២៥ សេរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JR-1053 យកអួនទៅអូសរកត្រីនៅបឹងខាងក្រោយផ្ទះជួល ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលទៅដល់ ជនរងគ្រោះបានទុកម៉ូតូម៉ាកខាងលើនៅមាត់បឹង រួចចុះទៅអូសត្រី ពេលជនរងគ្រោះ និងឈ្មោះ ញ៉ាំ ចន្ធី កំពុងតែអូសអួនយកត្រី ស្រាប់តែជនសង្ស័យ និងបក្ខពួក០២នាក់ទៀត ទី០១ឈ្មោះ ម៉ុង ភេទប្រុស អាយុ២២ឆ្នាំ ទី០២ មិនស្គាល់ឈ្មោះ បានមកអះអាងថា ជាម្ចាស់បឹង រួចស្រែកអោយជនរងគ្រោះថា ឈប់ៗ និងយកពូថៅ, ជំពាម និងកាំបិតខ្វេវដេញកាប់ទៅលើជនរងគ្រោះ តែជនរងគ្រោះ និងឈ្មោះ ញាំ ចន្ធី ក៏បានរត់គេចខ្លួន ទៅផ្ទះជួលចោលម៉ូតូនិងអួន ។

បន្ទាប់មកជនរងគ្រោះក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស អោយជួយអន្តរាគមន៍ ហើយសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ បានឃើញម៉ូតូរបស់ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យកាប់បណ្តាលអោយខូចខាតក្បាលម៉ូតូ ។ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ រួចសមត្ថកិច្ច ក៏បានយកម៉ូតូរបស់ជនរងគ្រោះមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅលើឈ្មោះ អឿន សុចន្ធី ហៅ ពៅ និងបក្ខពួក ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២រសៀល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ អឿន សុចន្ធី ហៅ ពៅ ត្រង់ចំណុចភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិង វត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស តាមនីតិវិធីច្បាប់ និងបានសារភាពថា ពិតជាបានធ្វើសកម្មភាពប្រើខ្វែវដេញកាប់ជនរងគ្រោះប្រាកដមែន ។

បន្ទាប់ពីមានចម្លើយរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតអោយសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ


Telegram