MMOម្នាក់ ត្រូវបាន​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាហៅមកសួរបំភ្លឺ ក្រោយក្លែងបន្លំអត្ដសញ្ញាណរបស់​ ឯកឧត្ដម​ អភិសន្ដិបណ្ឌិត​ ស​ សុខា លើបណ្តាញសង្គម
សន្តិសុខសង្គម
102

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានឲ្យដឹងថា អ្នកផលិតមាតិកា តាមបណ្ដាញសង្គមហ្វេសប៊ុក (MMO) ម្នាក់ត្រូវបាន​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ អញ្ជើញមកសាកសួរបំភ្លឺ​ បន្ទាប់ពីបានរកឃើញថា​ បានក្លែងបន្លំអត្ដសញ្ញាណរបស់​ ឯកឧត្ដម​ អភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​មហាផ្ទៃ​ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ​២០២៣​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ បានអញ្ជើញបុគ្គលម្នាក់ឈ្មោះ​ ហោ វិចិត្រ ភេទប្រុស​ មានទីលំនៅ​​ ក្នុងរាជធានីភ្នំពេញ ដើម្បីមកសាកសួរបំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ បន្ទាប់ពីរកឃើញថា​ បុគ្គលរូបនេះបាន​យកឈ្មោះ​ ឯកឧត្ដម​ អភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងថ្នាក់ដឹកនាំផ្សេងទៀត​ ទៅបង្កើតជា​ក្រុម​ (Group) នៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ដោយ​គ្មាន​ការ​អនុញ្ញាត​ និងបានចែករំលែកមាតិកា ផ្សេងៗ ដែលប៉ះពាល់ដល់សន្តិសុខជាតិ​​ និង​កិត្តិយស​ថ្នាក់​ដឹកនាំ​ដែល​អាច​ធ្វើអោយមានការ​ភាន់​ច្រឡំ​ពីសំណាក់មហាជន​​។ ក្រោយពីការសួរបញ្ជាក់បុគ្គលឈ្មោះ​ ហោ វិចិត្រ បានសារភាព​ទទួលស្គាល់កំហុស​ ​​សន្យាកែខ្លួនមិនអោយកើតឡើងពេលក្រោយទៀតឡើយ និង​បាន​ធ្វើ​លិខិត​សុំ​អភ័យទោស​ជា​សាធារណៈ​។

នាយកដ្ឋាន​សូម​ក្រើនរំលឹក​ដល់​សាធារណជន​ទាំង​អស់​ត្រូវ​ពិនិត្យ​ និង​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់​មុន​បង្កើត​គណនី​បណ្តាញ​សង្គម​ដែល​ប្រើប្រាស់​ឈ្មោះ​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដែល​អាច​ប្រឈម​នឹង​ការ​ក្លែង​អត្តសញ្ញាណ​ ដែលជាអំពីខុសច្បាប់។


Telegram