ឃាត់ខ្លួនជនសង្ស័យ៤៩នាក់ ក្នុងអាគារផ្ទះសំណាក់KTVណានយ៉ាង៨៩ ដកហូតបានទាំងគ្រឿងញៀនរាប់សិបគីឡូ កាំភ្លើង រថយន្ត៣គ្រឿង និងទូរសព្ទជិត៥០គ្រឿង
សន្តិសុខសង្គម
211

ខេត្តស្វាយរៀង ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ បានឃាត់ខ្លួនជនសង្ស័យ៤៩នាក់ ក្នុងអាគារផ្ទះសំណាក់ខារ៉ាអូខេណានយ៉ាង៨៩ ស្ថិតក្នុងបុរីសមសួន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ករណីជួញដូរ រក្សាទុក ចាត់ចែងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលផ្ទាល់ពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា លោក ហួត វិចិត្រ និងលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតដឹកនាំដោយលោក អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ បានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងកែឆ្នៃ ផលិត ជួញដូរ រក្សាទុក ចាត់ចែងសម្រួលអោយប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតនៅចំណុចអាគារផ្ទះសំណាក់ ខារ៉ាអូខេណានយ៉ាង៨៩ ស្ថិតក្នុងបុរីសមសួន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

​ជនសង្ស័យទាំង៤៩នាក់មានស្រី១២នាក់ និងមាន០៣សញ្ជាតិ (ជនជាតិវៀតណាម៤៣នាក់ (ស្រី១១នាក់) ជនជាតិចិនតៃវ៉ាន់ ៥នាក់ ជនជាតិខ្មែរ០២នាក់ (ស្រី០១នាក់)។

​ចាប់យកវត្ថុតាងរួមមាន ៖

១/សារធាតុញៀនសរុបទម្ងន់ ១៥.៣០៨,៧៤ ក្រាម(១៥គីឡូ ៣០៨,៧៤ ក្រាម)ក្នុងនោះមាន ៖

- ថ្នាំញៀនប្រភេទ កេតាមីន ទម្ងន់ ៥៦៨៨,១៩ក្រាម(៥គីឡូ៦៨៨,១៩ក្រាម)

- ថ្នាំញៀនប្រភេទ អិចស្តាស៊ី ទម្ងន់៧១៤៩,៣៤មក្រាម(៧គីឡូ១៤៩,៣៤ក្រាម)

- ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់ ៤៩២,០៨ ក្រាម

- នីមេតាហ្សេប៉ាម ទម្ងន់ ១.៩៥១,៥២ ក្រាម

- មេតំហ្វេតាមីន(WY)ទម្ងន់ ១៦,៣១ ក្រាម

- ម្សៅចំរុះពណ៌(MDMA)ទម្ងន់ ១១,៣១ ក្រាម

២/រុក្ខជាតិក្រៀម ទម្ងន់ ៣៥០,៨១មក្រាម

៣/ សារធាតុមិនច្បាស់លាស់ ទម្ងន់ ៤២.១៤៣,១១ ក្រាម

៤/ សារធាតុគីមី ១០៣២ ក្រាម

៥/ សារធាតុគីមីផ្សំ ៥៥០០ ក្រាម

៦/ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១៤ គ្រឿង

៧/ ម៉ាស៊ីនកែឆ្នៃផលិត និងម៉ាស៊ីនវេចខ្ចប់ រួមជាមួយឧបករណ៍សម្ភារ:មួយចំនួន

៨/ អាវុធខ្លីចំនួន ០៣ ដើម គ្រាប់ចំនួន ១៥០ គ្រាប់

៩/ លិខិតឆ្លងដែន ១៩ ក្បាល ។

ក្នុងនោះវត្ថុតាង ដកហួតទ្រព្យសម្បត្តិរួមមាន ៖

- រថយន្ត ០៥ គ្រឿង

- ទូរសព្ទ័ដៃ ៤៥ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕


Telegram