រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូស្កុបពីក្នុងល្បឿនលឿន មិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន មកបុកជាមួយម៉ូតូសង់ កំពុងជិះឌុបគ្នា២នាក់ពេញទំហឹង ស្លាប់អ្នកបើកម៉ូតូសង់យ៉ាងរន្ធត់ ចំណែកស្ត្រីអ្នកជិះពីក្រោយរបួសធ្ងន់ រីឯអ្នកបើកម៉ូតូស្កុបពីវិញ ក៏របួសធ្ងន់ដូចគ្នា ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទី ទៀបភ្លឺថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវលេខ៣៧១ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IK.5507 បើកបរដោយបុរសម្នាក់ ឈ្មោះ ភ័ណ្ឌ សុភារៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ មិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ក៏បុកជាមួយម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HN.6197 បើកបរដោយឈ្មោះ ម៉ៅ ម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ឌុបឈ្មោះ ហាក់ ខុម ភេទស្រី ៣៥ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅជាមួយគ្នាពីក្រោយ ដែលកំពុងជិះបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូសង់ ស្លាប់យ៉ាងរន្ធត់ ចំណែកអ្នកជិះក្រោយរបួសធ្ងន់ ។ រីឯអ្នកបើកម៉ូតូស្កុបពីវិញ ក៏របួសធ្ងន់ដូចគ្នា ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ។ ដោយឡែកម៉ូតូវិញ រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងមករក្សាទុក នៅអធិការដ្ឋានគរបាលខណ្ឌដង្កោ រង់ចាំការដោះស្រាយគ្នាពេលក្រោយតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ