រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងចក្រ JUNTY BRITHING ផលិតអំពូល មួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ នេះបើយោងតាមផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង២០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចរោងចក្រ ភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះរោងចក្រផលិតអំពូល មួយកន្លែងយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជានៅរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ ចេញរថយន្តជួយសង្គ្រោះអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បន្តបានថា គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់យើង នៅបន្ដបាញ់ពន្លត់ឲ្យអស់រងើកភ្លើងចៀសវាងបង្កផលប៉ះពាល់ថែមទៀត។ តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញរបស់យើងបានធ្វើការជួយសង្គ្រោះទាន់ពេលវេលា ដែលជាទីតាំងឆាបឆេះ ព្រមទាំងខូចខាតទ្រព្យសម្បតិ្តអស់មួយចំនួន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ផងដែរថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់យើង បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន២៧គ្រឿង ដោយក្នុងនោះរួមមាន រថយន្តការិយាល័យ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់១៦ឡាន ស្មើរនឹង៦៤ម៉ែត្រគូប, រថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារ ចំនួន០៥គ្រឿង ពុំបានប្រើប្រាស់ និងរថយន្តកាណាឌីយ៉ា ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក។
យ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីអគ្គិភ័យខាងលើនេះ គឺជាប្រភេទសំណង់ ថ្មប្រក់ស័ង្ក ទំហំ (២០ម៉ែត្រ គុណ ៣០ម៉ែត្រ) បានបណ្តាលឲ្យខូចខាតឆេះអគារទំហំ (២០ម៉ែត្រ គុណ ៣០ម៉ែត្រ) ចំនួន០១អគារខូចខាត២០% និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
រីឯមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះគឺបណ្តាលមកពីមនុស្សដុតសំរាមបង្កជាអគ្គិភ័យ (ដុតសំរាមក្រៅរបងឆ្លងចូលមករោងចក្រ)៕