រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត ត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រី ច្រើន ជាពិសេស គន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ ចាប់ពីថ្ងៃអង្គារ ៧កើត ដល់ថ្ងៃចន្ទ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរង ឥទ្ធិពលព្យុះភ្លៀង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូច មានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះ រដ្ឋបាលជលផល សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូនតាមការគួរ៕