បេសកម្មចំនួន ៥យប់ ៦ថ្ងៃ ក្នុងការបង្ក្រាបករណី ឃាតកម្ម (កូនចុង ចាក់សម្លាប់ឪពុកចុង)
សន្តិសុខសង្គម
368

កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨ និង ៤០នាទី នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មានករណី ឃាតកម្ម កើតឡើង​ ដែលបង្កឡើងដោយឈ្មោះ វណ្ណាវី វច្ចណះ ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ សាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ត្រូវជាកូនចុង) បានធ្វើសកម្មភាព ប្រើប្រាស់កាំបិត ស (ចិតតបន្លែ)ចាក់សម្លាប់ លើជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ឪពុកចុង) បណ្តាលអោយស្លាប់។

បន្ទាប់ពីបានធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់ ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួន ដោយបានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និង អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត អធិការដ្ឋាននគរបាលស្រុកវាលវែង ។

លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥ និង២៣នាទី កម្លាំងជំនាញយើងបានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យបានខាងលើឈ្មោះ វណ្ណាវី វច្ចណះ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ។ ដោយធ្វើការឃាត់ខ្លួនបានត្រង់ចំណុចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

    

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៨និង៤០នាទី ខ្លួនពិតជាបានធ្វើសកម្មភាពចាក់សម្លាប់ឪពុកចុងរបស់ខ្លួនប្រាកដមែន ។ មូលហេតុឈានដល់ការចាក់សម្លាប់នេះដោយសារតែក្រុមគ្រួសារខ្លួនមិនពេញចិត្តក្នុងការស់នៅជាមួយនឹងឪពុកចុងរបស់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត។



Telegram