ឯកឧត្តម ជួន ណារិន្ទ អំពាវនាវឲ្យអាណាព្យាបាល សូមនាំកូនដែលជាជនសង្ស័យបើករថយន្តJeep បុកគេស្លាប់ចូលខ្លួនជាបន្ទាន់ សមត្ថកិច្ចក៏មិនដកដៃលើករណីនេះដែរ
សន្តិសុខសង្គម
333

រាជធានីភ្នំពេញ ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានអោយដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ក្មួយប្រុស ជាជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ឬ អាណាព្យាបាលសូមនាំកូនប្រុស មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ទៀតថា កុំរត់គេចខ្លួនបែបនេះ វាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ! សមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់ចំពោះករណីនេះបានទេ(ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា បើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនិងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ)។

សូមបញ្ជាក់ថា យោងតាមការបង្ហោះរបស់ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ករណីរថយន្តJeep បុកម៉ូតូឃ្លីក ស្លាប់អនុប្រធានការិយាល័យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត » ។

ក្នុងនោះ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ផងដែរ ។

គួររំលឹកផងដែរថា បុរសម្នាក់បើករថយន្ដស៊េរីទំនើប ​Jeep ក្នុងល្បឿនលឿន បានបុកគ្នាជាមួយម៉ូតូហុងដាឃ្លីក ជិះដោយអនុប្រធានការិយាល័យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មម្នាក់ ពេញ​ទំហឹង ​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន ​ផ្លោងមនុស្សទៅបុកនឹងបង្គោល​ភ្លើង​ ស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងរន្ធត់បំផុត ទុកឲ្យសាច់ញាតិទ្រហ៊ោយំបោកខ្លួនមិនអាចទទួលបាន ។

ហេតុការណ៍​នេះបាន​កើតឡើងនាវេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ នៅតាម​បណ្ដោយ​ផ្លូវ​៥៦៦​ កែង​ផ្លូវ​៣១៧ សង្កាត់​បឹង​កក់​ទី២ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។

តាមប្រព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដ​ស៊េរីទំនើបម៉ាក Jeep ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CB-9963 បើកតាមបណ្ដោយផ្លូវ៣១៧ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ផ្លូវបំបែកជាបួន ក៏បើក​បុក​ម៉ូតូហុងដាឃ្លីក ពាក់​ស្លាក​លេខ​ 1DF-5396 ពេញ​ទំហឹង​ ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន ​បណ្ដាលឲ្យ​ម្ចាស់ម៉ូតូ ខ្ទាតផ្លោង​បោក​ក្បាលជាមួយ​បង្គោល​ភ្លើង​​ស្លាប់​ភ្លាមៗ​ ​។ រីឯម្ចាស់រថយន្ដ​សេរីទំនើបនោះវិញ ក្រោយឃើញគេស្លាប់ ក៏ប្រញាប់បើកទ្វាររថយន្ដរត់​គេច​ខ្លួន​បាត់​ពីកន្លែងកើតហេតុ ។

សាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានរថយន្ត Jeep បុកស្លាប់នេះមានឈ្មោះ សៀក គីមហុង ធ្វើការនៅអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដោយមានមុខតំណែងជាអនុប្រធានការិយាល័យ ស្នាក់នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ក្រោយ​កើត​ហេតុ ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ដ​ និង​ម៉ូតូទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​តាមច្បាប់។ រីឯសព​ជនរងគ្រោះ​ប្រគល់​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕


Telegram