រាជធានីភ្នំពេញ ៖ បុរសម្នាក់ចូលទៅបត់ជើងក្នុងព្រៃ ក៏ត្រូវបានជនសង្ស័យវាយប្លន់យកទ្រព្យសម្បត្តិ បណ្ដាលឲ្យរងរបួស រួចគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅផ្លូវលំក្បែរមាត់ទន្លេ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាវេលាម៉ោង១២យប់ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
តាមប្រព័ត៌មានពីជនរងគ្រោះឈ្មោះ ឌុច ចន្ទ័ ឌី ជាបុគ្គលិកក្រុមហ៊ុនមួយកន្លែង ស្នាក់នៅម្តុំផ្សារអ៉ីអន២ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមកលេងនៅរង្វង់មូលនាងមច្ឆាអង្គុយហូបអី។ ស្រាប់តែឈឺពោះពេក ក៏ជិះម៉ូតូចូលទៅផ្លូវលំ ម្តុំព្រៃស្ងាត់ ភ្លាមនោះក៏លេចមុខជនសង្ស័យដើរមកពីក្រោយ យកដុំថ្មវាយចំក្បាល បណ្ដាលអោយគាត់រងរបួសហើយប្លន់យកទូរសព្ទដៃបានមួយគ្រឿងម៉ាក oppo ។
ក្រោយពេលប្លន់បានជនសង្ស័យបានដើរចុះទៅជិះទូករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ ភ្លាមនោះសមត្ថកិច្ចក៏បានមកដល់ ឲ្យជនរងគ្រោះនាំទៅបង្ហាញចំណុចកើតហេតុ និងបានតាមរកឃើញទូរសព្ទដៃរបស់ជនរងគ្រោះមួយគ្រឿងវិញ។ ចំណែកមួយគ្រឿងទៀតត្រូវបានជនសង្ស័យយកទៅបាត់ ហើយជិះទូកគេចខ្លួនបាត់។
ក្រោយពីកើតហេតុ សមត្ថកិច្ចក៏បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីតាមចាប់ជនសង្ស័យខាងលើយកមកចាត់ការតាមច្បាប់ ៕ Mrr Ka