រាជធានីភ្នំពេញ ៖ អាជីវករលក់ដូរជុំវិញបរិវេណរបងមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយចប់ឱសានវាទ នៃសេចក្តីជូនដំណឹងរបស់អាជ្ញាធរដែលទុករយៈពេល ៧ថ្ងៃហើយនោះ ឃើញថានៅមានអាជីវករខ្លះ បន្តលក់ដូរដដែល ដោយឡែកបងប្អូនអាជីវករខ្លះទៀត បានរុះរើចេញ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ តួយ៉ាងដូចរូបភាពទាំងនេះ ដែលក្រុមការងារបានចុះទៅថតផ្តិតយករូបភាព នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។
ជុំវិញបញ្ហានេះ លោកអភិបាលរងខណ្ឌទួលគោក បានបញ្ជាក់ថា ក្រោយពីចប់ឱសានវាទ ឃើញមានអាជីវករខ្លះ លោកបានរុះរើចេញ ខ្លះកំពុងរុះរើ ដោយឡែកអ្នកដែលមិនទាន់រុះរើ អាជ្ញាធរនឹងរកពេលមួយ ចុះទៅរុះរើ ដោយមិនជូនដំណឹង ទៀតនោះទេ ។ (ដាក់សំឡេង)
សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៣ បានចេញនូវសេចក្តីជូនដំណឹងដូចខាងក្រោម ។
យោង៖
-សេចក្តីណែនាំលេខ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ។
- ផែនកាស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្រ ខណ្ឌទួលគោក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
- យោងកំណត់ហេតុ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយនឹងបងប្អូនអ្នកលក់ដូរជុំវិញពេទ្យកុមារជាតិ។
រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ នៅ លើចិញ្ចើមផ្លូវអមសង្ខាងផ្លូវ បរិវេណជុំវិញមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកទាំងអស់ មេត្តា ជ្រាបថា ដើម្បីចូលរួមសហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ស្នើសុំឱ្យលោក លោកស្រី ម្ចាស់អាជីវកម្មទាំងអស់ខាងលើ បញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្ម លក់ដូរគ្រប់ប្រភេទរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយ៉ាបរំលោភលើចិញ្ចើមផ្លូវសាធារណៈ និងត្រូវធ្វើការរុះរើចេញ ដោយទុករយៈពេលឱ្យ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណី លោក លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងមាន វិធានការរដ្ឋបាល ដោយចុះរុះរើនិងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅក្នុងទីតាំងនេះឡើយ។ ករណីមានការរារាំង រឹងរូស និងធ្វើការប្រឆាំងតវ៉ាជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុង ការចុះរុះរើ នោះរដ្ឋបាលខណ្ឌទួលគោក នឹងអនុវត្តវិធានការរដ្ឋបាល បើករណីធ្ងន់ធ្ងរ នឹងឈានដល់អនុវត្តវិធានការច្បាប់។
រដ្ឋបាលខណ្ឌទួលគោក សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មទាំងអស់ នឹងចូលរួម សហការអនុវត្ត តាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ មេសា