រាជធានីភ្នំពេញ ៖ យុវជនអ្នកដឹកអាហារមួយក្រុម ពេលចប់ម៉ោងចេញពីដឹកអាហារ មានមិត្តភក្ដិទូរស័ព្ទប្រាប់ថា ឈ្លោះគ្នាជាមួយអ្នកក្នុងភូមិ ទើបនាំគ្នាជិះទៅមើល តែពេលឈប់ម៉ូតូសួរនាំគ្នាមិនទាន់ដឹងរឿងអ្វីផង ស្រាប់តែក្រុមអ្នកលេងជើងចាស់មានគ្នាច្រើននាក់ ប្រដាប់ដោយដុំថ្ម ដុំឥដ្ឋ កាំបិតនិងដាវ រត់សំដៅចូលទៅកាប់យកៗ ធ្វើឲ្យក្រុមយុវជនខាងលើ នាំគ្នាចែកផ្លូវគ្នារត់ចោលម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់មាឌតូចជាងគេ ត្រូវមួយដាវបែកទាំងមួកសុវត្ថិភាពចំក្បាលរបួសធ្ងន់ និងខូចខាតម៉ូតូ១គ្រឿង ហើយក្រុមនោះបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះអន្តរាគមន៍ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០១និង៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅចំណុចជាប់ផ្ទះអ៊ីប្រហិត ផ្លូវបេតុង(ច្រកអគ្គីសនី) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ព្រុំ តារា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរដឹកអាហារអនឡាញ កាប់មួយកាំបិតពីលើមួកសុវត្ថិភាពរយះដល់ក្បាល រងរបួសធ្ងន់(ត្រូវបានមិត្តភ័ក្តជួយដឹកតាមម៉ូតូបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី) ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូដែលខូចខាត មានឈ្មោះ ឧស្សាហ៍ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកដឹកអាហារអនឡាញ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម ចុះទៅអន្តរាគមន៍ និងណែនាំអោយអ្នករបួសឬក្រុមគ្រួសារទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រឹកឡើង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកតាមជំនាញបន្តទៀត ។
តាមសម្ដីអ្នកជិតខាងអះអាងប្រាប់ថា ក្រុមបក្ខពួកក្រុមប្រដាប់ដោយដាវខាងលើ នៅក្បែរៗផ្ទះលោកអធិការរងទទួលផែនការងារព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌមានជ័យស្រាប់ ដូច្នេះសង្ឃឹមថា សមត្ថកិច្ចនឹងឆាប់ចាប់ក្រុមទាំងនោះបានជាក់ជាមិនខាន ៕ Mrr Ka