រាជធានីភ្នំពេញ៖ ស្រ្តីម្នាក់បានដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកបុរស២នាក់ទៀតរបួសស្រាល ខណៈកំពុងជិះម៉ូតូតាមផ្លូវ បានទាក់ខ្សែរភ្លើងដែលធ្លាក់កាត់ទទឹងផ្លូវភ្នំពេញហាណូយ ដួលម៉ូតូទាំង២គ្រឿងនេះតែម្តង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ចំណុចជិតក្រេនភ្នំពេញ លើផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រស់ សុខកញ្ញា ភេទស្រី អាយុ៣០ឆ្នាំ រសនៅ ផ្ទះក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរស២នាក់ជិះម៉ូតូមួយគ្រឿង ចំណែកស្ត្រីរងគ្រោះជិះម៉ូតូម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AK-8487 ជិះម៉ូតូជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែទាក់ខ្សែភ្លើង ដែលធ្លាក់មកកាត់ទទឹងផ្លូវ បណ្តាលឲ្យម៉ូតូមួយគ្រឿងដួលគ្រាន់តែរបួសស្រាល ដោយឡែកម៉ូតូស្ត្រីរងគ្រោះវិញ ត្រូវខ្សែភ្លើងដែលធ្លាក់នោះ ទាក់ចំទ្រូង ងើយមកចង្ការទាញទាក់ផ្ងារក្រោយ ធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់យ៉ាងរន្ធត់ រីឯម៉ូតូវិញ បោលទៅបុកនឹងប៉ាន់ណូនៅចិញ្ចើមផ្លូវ ។ ចំណែកអ្នកដែលជិះម៉ូតូដែលរបួសស្រាលនោះ បាននាំគ្នាលើកម៉ូតូបន្តដំណើរទៅមុខទៀតបាត់ ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានសង្កាត់ឃ្មួញចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុក។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈករណីនេះអ្នកភូមិបញ្ជាក់ថា ខ្សែភ្លើងនេះបានធ្លាក់តាំងពីវេលាម៉ោង ១១ ១២យប់មកម្ល៉េះ លុះព្រឹកឡើងក៏ទាក់ម៉ូតូអ្នកដំណើរ ដួលរបួស និងស្លាប់បែបនេះតែម្តង ៕ អែល វិចិត្រ