បា..ត់កូ..នមិនឃើញមកផ្ទះ ឃើញតែឆ្កែ ទៅរកមើលឃើញស្បែកជើងនៅមាត់បឹង កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស៩១១ បំពាក់អុកស៊ីសែនជាច្រើនបំពង់ រាវរក ៣ថ្ងៃ ទើបរកឃើញស....ព
សន្តិសុខសង្គម
265

រាជធានីភ្នំពេញ៖ ក្មេងប្រុសម្នាក់ បានបាត់ខ្លួនរកមិនឃើញសោះ ខណៈក្រុមគ្រួសារសង្ស័យក៏ចុះរាវក្នុងបឹង ឃើញត្រឹមស្បែកជើង ណាទឹកក៏ជ្រៅ ក៏បានទាក់ទងសុំការអន្តរាគមន៍ពីខាង បញ្ជាការដ្ឋានទ័ពពិសេស៩១១ ដឹកនាំកម្លាំងផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បំពាក់អុកស៊ីសែនជាច្រើនបំពង់ រាវរកអស់រយៈពេល ៣ថ្ងៃ ទើបរកឃើញសពក្មេងប្រុសខាងលើ នៅវេលម៉ោង១០ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សពក្មេងប្រុសខាងលើ មានឈ្មោះហុង​ លីហេង​ អាយុ៨ឆ្នាំ​ មានឪពុកឈ្មោះ​ ហាក់​ ហេង​ ៣៥ឆ្នាំ​ រស់នៅភូមិត្រពាំងល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។

ឪពុកបានរៀបរាប់ថា​ កន្លងមកកូនគាត់តែងតែដើរជាមួយសត្វឆ្កែមួយក្បាល​ ចូលក្នុងបរិវេណបឹងនេះ ដើម្បីបេះត្រកួន។ ​ លុះមកដល់ល្ងាចថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៣​ ស្រាប់តែបាត់កូនមិនឃើញមកផ្ទះសោះ ឃើញតែសត្វឆ្កែមកផ្ទះវិញ ឆ្ងល់ក៏តាមទៅរកមើលកូន បែរជាឃើញស្បែកជើង ទើបដឹងថាកូនរបស់គាត់លង់ទឹកស្លាប់ទៅហើយ និងមានអ្នកភូមិជួយរាវរកផងដែរ តែរកមិនឃើញដោយសារទឹកជ្រៅពេក ក៏បានទាក់ទងសុំការអន្តរាគមន៍ពីខាង បញ្ជាការដ្ឋានទ័ពពិសេស៩១១ បំពាក់អុកស៊ីសែនជាច្រើនបំពង់ រាវរកអស់រយៈពេល ៣ថ្ងៃ ទើបរកឃើញសពក្មេងប្រុសខាងលើ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បានចុះមកធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់បញ្ជាក់ថា សពពិតជាស្លាប់ដោយសារលង់ទឹកពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មេសា


Telegram