៣យប់ ៤ថ្ងៃហើយ! អគ្គិភ័យដែលឆេះអាគារ Sky city មិនទាន់រលត់ទេ ខណៈកម្លាំងចម្រុះគ្រប់ស្ថាប័ន ទាំងថ្នាក់ជាតិនិងរាជធានី កំពុងរកគ្រប់វិសាស្ត្រ ពាក់អុកស៊ីសែនចូលបាញ់ពន្លត់ តាមជាន់នីមួយៗ
សន្តិសុខសង្គម
194

រាជធានីភ្នំពេញ ៖​ គិតត្រឹមម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ គ្រោះអគ្គិភ័យដែលបានឆាបឆេះអាគារ Sky city ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មិនទាន់រលត់ទាំងស្រុងនៅឡើយនោះទេ ខណៈអាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ កំពុងសហការគ្នា ក្នុងការយកចិត្តទុកដាក់អន្តរាគមន៍សង្គ្រោះ និងបាញ់ទឹកពន្លត់ ។

សូមបញ្ជាក់ថា កម្លាំងចម្រុះបានគ្រប់គ្រងជាន់ទី១ ដល់ជាន់ទី៣ បានហើយ ដោយបានបាញ់ទឹកពន្លត់ការឆាបឆេះបានទាំងស្រុង ខណៈដែលនៅសល់ជាន់ទី៤ និងទី៥ នៅបន្តមានការឆាបឆេះ ហើយជំនាញកំពុងព្យាយាមក្នុងការបន្តចូលទៅបាញ់ពន្លត់បន្ថែមទៀត ដោយអាជ្ញាធរ និងកម្លាំងចម្រុះ បានសម្រេចប្រើរថយន្តស្ទូចធន់ធំដែលមានសមត្ថភាពឡើងទៅទីខ្ពស់ ដើម្បីធ្វើការវាយកម្ទេចជញ្ចាំង និងវាយនៅតាមបន្ទប់នីមួយៗ នៃជាន់ទី៤ និងទី៥ ដើម្បីទម្លាយទៅខាងក្នុងឱ្យមានប្រហោងសម្រាប់ផ្សែងដែលឆេះហុយចេញមកខាងក្រៅបាន កម្លាំងជំនាញក៏បន្តប្រើរថយន្តពន្លត់អគ្គិភ័យដែលមានជណ្តើរខ្ពស់ ដើម្បីបាញ់ទឹកចូលទៅជាន់ដែលឆាបឆេះទាំង២ បន្ថែមពីលើកការអន្តរាគមន៍បាញ់ទឹកឡើងពីជាន់ទី៣មកវិញ ។

តាមការសង្កេតឃើញ មានកម្លាំងពាក់ព័ន្ធជាច្រើនដែលបានចូលរួមក្នុងការអន្តរាគមន៍បន្ថែមក្នុងគ្រោះអគ្គិភ័យខាងលើនេះ ដោយមានទាំងវត្តមាន របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កងប្រតិបត្តិការរុករក និងសង្គ្រោះ មកពីអង្គភាពង.៧០ ៧១១ ដឹកនាំដោយ​ឯកឧត្តម សូយ ណារិទ្ធ , កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស៩១១ ដឹកនាំកម្លាំងផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ក្រុមការងារជំនាញ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នគរបាលជំនាញថ្នាក់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអាជ្ញាធរចម្រុះថ្នាក់រាជធានីភ្នំពេញទាំងអស់ មានទាំងអភិបាលខណ្ឌ ឯកឧត្តម ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាប្រតិបត្តិការសង្គ្រោះដោយផ្ទាល់ផងដែរ ។

គួររំលឹកថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយបានឆាបឆេះចេញពីជាន់ទី៣ ហើយបន្តរាលដាលរហូតដល់ជាន់ទី៤ -៥ ដែលកំពុងដំណើរការផង និងកំពុងជួសជុលកែលម្អរបន្ថែមផងដែរ ខណៈដែលអគ្គិភ័យនេះបានឆាបឆេះអគារអស់រយៈពេល៣យប់៤ថ្ងៃមកហើយ ដោយសារការចូលសង្រ្គោះមានបញ្ហាប្រឈមខ្លាំង នៅក្នុងអគារផ្លូវចូលមានភាពចង្អៀត ធ្វើឱ្យលំបាកដល់កងកម្លាំងចូលទៅអន្តរាគមន៍សង្រ្គោះ ហើយខាងក្នុងផ្ទុកដោយសម្ភារៈដែលងាយឆាបឆេះងំខ្លាំង និងមិនទាន់ដឹងមូលហេតុនៅឡើយ ៕ មេសា +វិចិត្រ


Telegram