រាជធានីភ្នំពេញ ៖ ម្ចាស់ឃ្លាំងអេតចាយ ត្រូវជំងឺបេះដូងធ្វើទុក្ខឡើងបញ្ជូនទៅមន្ទីរពេទ្យ ខណៈភ័យពេក ស្របពេលអគ្គិភ័យឆាបឆេះឃ្លាំងអេតចាយរបស់គាត់ យ៉ាងសន្ធោសន្ធៅ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ទី២៣ ខែ ធ្នូ ឆ្នាំ២០២៣ ចំណុចទីតាំង ទិញលក់អេតចាយ ផ្លូវ ២១៧ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងដែលឆាបឆេះនេះ មានឈ្មោះ អ៊ឹម ស៊ីវិន ភេទ ស្រី អាយុ ៤៣ឆ្នាំ មុខរបរ ទិញលក់អេតចាយ ត្រូវបានអគ្គិភ័យឆេះទីតាំង សំណង់ឈើ ទំហំ ៦ម៉ែត្រ គុណ៨ម៉ែត្រ របស់រោងកម្មករស្នាក់នៅយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗសមត្ថកិច្ចបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រចាំខណ្ឌដង្កោ បានចុះមកអន្តរាគមន៍បាញ់ទឹកអស់ ៤ឡាន និងមានរថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជា១គ្រឿងផងដែរ បាញ់ទឹកអស់១ឡាន ទើបរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង១៣និង២០នាទី នាថ្ងៃខែឆ្នាំដដែល មិនបណ្តាលឲ្យនរណាម្នាក់ មានគ្រោះថ្នាក់ដល់ជីវិតនោះទេ គ្រាន់តែបណ្តាលឲ្យស្ត្រីជាម្ចាស់ឃ្លាំងភ័យពេក ជំងឺបេះដូងធ្វើទុក្ខ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕ អែល វិចិត្រ