មកទល់ពេលនេះ អគ្គិភ័យដែលឆាបឆេះអគារ Sky City រលត់ទៅវិញទាំងស្រុង ខណៈ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើសន្និសីទសារព័ត៌មាន បញ្ចប់ប្រតិបត្តិការណ៍ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនេះ ដោយប្រើប្រាស់ឡានទឹក ជាង៣៥០០ជើងឯណោះ ចំណែកមូលហេតុ រង់ចាំសមត្ថកិច្ចជំនាញស្រាវជ្រាវបន្ត ។
សូមបញ្ជាក់ថា មានកម្លាំងពាក់ព័ន្ធជាច្រើនដែលបានចូលរួមក្នុងការអន្តរាគមន៍ក្នុងគ្រោះអគ្គិភ័យខាងលើនេះ ដោយមានទាំងវត្តមាន ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កងប្រតិបត្តិការរុករក និងសង្គ្រោះ មកពីអង្គភាពង.៧០ ៧១១ ដឹកនាំដោយឯកឧត្តម សូយ ណារិទ្ធ , កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស៩១១ ដឹកនាំកម្លាំងផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ក្រុមការងារជំនាញ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នគរបាលជំនាញថ្នាក់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអាជ្ញាធរចម្រុះថ្នាក់រាជធានីភ្នំពេញទាំងអស់ មានទាំងអភិបាលខណ្ឌ ឯកឧត្តម ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនឯកជន ផងដែរ ។
គួររំលឹកថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយបានឆាបឆេះចេញពីជាន់ទី៣ ហើយបន្តរាលដាលរហូតដល់ជាន់ទី៤ -៥ ដែលកំពុងដំណើរការផង និងកំពុងជួសជុលកែលម្អរបន្ថែមផងដែរ ខណៈដែលអគ្គិភ័យនេះបានឆាបឆេះអគារអស់រយៈពេល៣យប់៤ថ្ងៃមកហើយ ដោយសារការចូលសង្រ្គោះមានបញ្ហាប្រឈមខ្លាំង នៅក្នុងអគារផ្លូវចូលមានភាពចង្អៀត ធ្វើឱ្យលំបាកដល់កងកម្លាំងចូលទៅអន្តរាគមន៍សង្រ្គោះ ហើយខាងក្នុងផ្ទុកដោយសម្ភារៈដែលងាយឆាបឆេះងំខ្លាំង រហូតមកទល់ម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ ទើបរលត់ទៅវិញទាំងស្រុង ៕ មេសា