ទីបំផុត ជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកគេស្លាប់​ចូលខ្លួនមកសារភាពទោសកំហុសហើយ
សន្តិសុខសង្គម
223

រាជធានីភ្នំពេញ៖ ទីបំផុត ជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកជនរងគ្រោះជាកីឡាករជម្រើសជាតិ ផ្នែកវាយសី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួនហើយ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ ។

ក្នុងនោះ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកបើករថយន្តJeep ខាងលើ និងក្រុមគ្រួសារ បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពិតមែន និងកំពុងត្រូវបានសមត្ថកិច្ចជំនាញ ដឹកនាំដោយឯកឧត្តមផ្ទាល់ កំពុងធ្វើការនេះតាមជំនាញ និងតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា អ្នកបើករថយន្តខាងលើ មានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បានបើករថយន្តJeep ស្លាក លេខ ភ្នំពេញ 2CB-9963 បើកតាមបណ្ដោយផ្លូវ៣១៧ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ផ្លូវបំបែកជាបួន ក៏បើក បុក ម៉ូតូហុងដាឃ្លីក ពាក់ ស្លាក លេខ 1DF-5396 ពេញ ទំហឹង ស្លាប់ជនរងគ្រោះមានឈ្មោះ សៀក គីមហុង ស្នាក់នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១០ យប់ ថ្ងៃ ទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ នៅតាម បណ្ដោយ ផ្លូវ ៥៦៦ កែង ផ្លូវ ៣១៧ សង្កាត់ បឹង កក់ ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ៕


Telegram