រាជធានីភ្នំពេញ៖ អាសូរណាស់ បុរសជាឪពុកបានធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្លាប់ភ្លាមៗ ចំណែកម្តាយនិងកូនតូចប្រុសស្រី៣នាក់ ទៀតបានរងរបួសធ្ងន់ស្រាល ខណៈដែលប្តីឈប់ចតម៉ូតូកង់បីនៅលើចិញ្ចើមផ្លូវ ហើយត្រូវរថយន្តមួយគ្រឿង បុកពីក្រោយពេញទំហឹង ប៉ើងទៅបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម ត្រូវបាន កងសង្គ្រោះរបស់អង្គភាពង៧០ ៧១១ ចុះទៅជួយសង្គ្រោះ ដៃម្ខាងឱបក្មេងតូចដែលរបួស ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន
១- ឈ្មោះ មាស សុភ័ណ្ឌ អាយុ៣៥ឆ្នាំ ភេទប្រុស (ជាឪពុកស្លាប់) រស់នៅតាហេវក្រោម ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ
២-ឈ្មោះ សុំ ស៊ីសារ៉ា អាយុ ៣៧ឆ្នាំ ភេទស្រី រស់នៅភូមិឃុំខាងលើ(ម្តាយរបួសស្រាល)
៣- ឈ្មោះ មាស សុភត្រា អាយុ ១១ឆ្នាំ ភេទប្រុស (របួសធ្ងន់)
៤- ឈ្មោះ មាស សុភក្រ័និត្យ អាយុ៣ខួប ភេទប្រុស(របួសស្រាល)
៥- ឈ្មោះ មាស សុភក្រ័ណានិមល អាយុ ១១ខែ ភេទស្រី(របួសស្រាល)
ក្មេងៗរងគ្រោះទាំង៣នាក់ ក្នុងនោះធ្ងន់ម្នាក់ ត្រូវបាន កងសង្គ្រោះរបស់អង្គភាពង៧០ ៧១១ ចុះទៅជួយសង្គ្រោះ ដៃម្ខាងឱបក្មេងតូចដែលរបួស ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
តាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុក្រុមគ្រួសារជនរងគ្រោះ បានបើកម៉ូតូកង់បីមួយគ្រឿង មិនមានស្លាកលេខ មកឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ៤ ដោយនាំគ្នា១គ្រួសារ នៅក្នុងកង់បីនេះទាំងអស់ ។ ពេលនោះដែរស្រាប់តែមានរថយន្តម៉ាកស្តារិច ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AA-1815 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន រេចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅបុកពីក្រោយកង់បីនេះយ៉ាងពេញទំហឹង ប្លោងទៅមុខជាច្រើនម៉ែត្របោកផ្ទប់នឹងបង្គោលភ្លើងបាក់មួយដើម បណ្ដាលឲ្យបុរសជាឪពុក ខ្ទាតធ្លាក់ចូលក្នុងប្រឡាយទឹកស្លាប់យ៉ាងរន្ធត់ រីឯស្រ្តីជាប្រពន្ធនិងកូនតូចប្រុសស្រី៣នាក់ទៀត បានរងរបួសធ្ងន់ស្រាលដេកដួលនៅនឹងកន្លែង ភ្លាមនោះដែរពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក៏បានរាយការទៅខាងក្រុមសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខង៧០ ឲ្យចេញរថយន្តមកជួយសង្គ្រោះភ្លាមៗផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង និងខណ្ឌ បានចុះធ្វើការវាស់វែង យករថយន្ត និងកង់បី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ