រាជធានីភ្នំពេញ៖ ផ្លូវក្នុងក្រុងទីប្រជុំជន ម៉េចក៏បើកលឿនម្ល៉េះ? បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ ខណៈដែលជិះម៉ូតូត្រូវបាន២នាក់ បើករថយន្តម៉ាកព្រូស មកបុកពីក្រោយម៉ូតូ បណ្តាលឲ្យដួល រួចកិនពីលើបុរសអ្នកជិះម៉ូតូនោះ ហើយព្យាយាមបើករថយន្តបន្តរត់ តែត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ចំណុចក្បែរផ្សារហេងលីលើផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1L-1312 តាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនមធ្យម លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក្បែរនឹងស្តុបពេទ្យលោកសង្ឃ ស្រាប់តែគេឃើញមានរថយន្តម៉ាកព្រូស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2BE-0241 បើកបរដោយនារីម្នាក់ រួមដំណើរជាមួយនឹងនារីម្នាក់ទៀត ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីកើតមកលិច ក្នុងល្បឿនលឿន មិនប្រយ័ត្នក៏ជាន់ហ្គែរបន្ថែមល្បឿន បុកពីក្រោយម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឱ្យដួល រួចកិនពីលើបុរសរងគ្រោះជាម្ចាស់ម៉ូតូ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរដេកដួលលើដងផ្លូវក្នុងថ្លុកឈាម ត្រូវបានបងប្អូនប្រជាពលរដ្ឋ ក៏បានទាក់ទងទៅខាងមន្ទីរពេទ្យលោកសង្ឃ ឲ្យមកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ តែដោយសារជនរងគ្រោះរបួសធ្ងន់ពេក ក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យតែម្តងទៅ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ ធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មេសា