ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានយកដុំថ្ម ធំៗ ជាច្រើនដុំ គប់ទៅលើរថយន្តរបស់អ្នកដំណើរ ដែលកំពុងបើកតាមបណ្តោយផ្លូវជាតិលេខ២ បែករងការខូចខាតយ៉ាងដំណំ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិសៀមរាប ឃុំ សៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល។
ជនរងគ្រោះទាំង៤នាក់រួមមាន ៖
១.ឈ្មោះ ញាញ់ សុភាព ភេទស្រី អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ រំលាំងគ្រើល ឃុំ ត្រពាំងសាប ស្រុក បាទី ខេត្ត តាកែវមុខរបរ លក់ដូរ ។
២.ឈ្មោះ នៅ រដ្ឋា ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ សេរីគន្ធា ឃុំ តាឡូ ស្រុក តាឡូសែនជ័យ ខេត្ត ពោធិ៍សាត់ មុខរបរ កសិករ ។
៣.ឈ្មោះ អឹម ធារី ភេទ ស្រី អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិ អំពៅព្រៃទី ២ ឃុំ អំពៅព្រៃ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរលក់ដូរ។
៤.ឈ្មោះ សំអុល សុផានិត ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ បឹងខ្យាង ឃុំ បឹងខ្យាង ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ កម្មកររោងចក្រ។
ខូចខាតរថយន្ត ០៤ គ្រឿង ៖
១. ម៉ាក់ SSANG YONG ពណ៌ ស ស៊េរី ឆ្នាំ ១៩៩៥ ពាក់ផ្លាកលេខ ភ្នំពេញ 2J 7844(បែកកញ្ចក់មួយផ្ទាំងខាងមុខ)
២.ម៉ាក KIA MORNING ពណ៌ ស ស៊េរីឆ្នាំ ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 2BD 6915 (កម្ពិតទ្វាចំហៀងផ្នែកខាងស្តាំ)
៣.ម៉ាក HYUNDAI PORTER II ពណ៌ ខៀវ ស៊េរីឆ្នាំ ២០០៥ពាក់ផ្លាកលេខ កណ្ដាល 2C 8589 (កម្ពិតទ្វាផ្នែកខាងស្តាំ)
៤.ម៉ាក TOYOTA PRIUS ពណ៌ ខៀវ ស៊េរីឆ្នាំ ២០០៥ ពាក់ផ្លាកលេខ កណ្ដាល 2B 7270 (បែកកញ្ចក់មួយផ្ទាំងផ្នែកខាងមុខ)
ចំណែកជនសង្ស័យមានឈ្មោះ ចេវ ផេង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ សៀមរាប ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន ដុំ ថ្ម ចំនួន ០៤ ដុំ។
សូមបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ២២និង៣៥នាទី ជនរងគ្រោះឈ្មោះ សំអុល សុផានិត បានជិះរថយន្តម៉ាក TOYOTA PRIUS ពណ៌ ខៀវ ស៊េរីឆ្នាំ២០០៥ ពាក់ផ្លាកលេខ កណ្ដាល 2B 7270 ចេញពីធ្វើការរោងចក្រ ជីប ម៉ុង ត្រឡប់មកផ្ទះវិញ តាមបណ្ដោយផ្លូវជាតិលេខ ២ ពេលជិះមកដល់កន្លែងកើតហេតុខាងលើបានឃើញជនសង្ស័យឈរក្បែរចិញ្ចើមថ្នល់ ពេលជនរងគ្រោះជិះមកដល់ ជនសង្ស័យបានយកដុំថ្មគប់មកលើរថយន្តរបស់ជនរងគ្រោះចំកញ្ចក់ផ្នែកខាងមុខ បណ្តាលអោយបែក ទើបប្រញាប់បើកទៅរាយការណ៍ជូននគរបាលរដ្ឋបាលសៀមរាប ។
បន្ទាប់មកជនរងគ្រោះ ០៣នាក់ខាងលើ បានបើករថយន្តរបស់ខ្លួនម្នាក់មួយគ្រឿង ចេញរង្វង់មូលគួរស្រូវមកផ្ទះ ដោយជិះតាមបណ្ដោយផ្លូវជាតិលេខ២ លុះដល់ចំនុចកើតហេតុ ត្រូវបានជនសង្ស័យខាងយកដុំថ្មគប់មកលើរថយន្តទាំង៣គ្រឿងនោះទៀត បណ្តាលអោយខូចខាតក៏បើករថយន្តទៅរាយការណ៍ជូនសមត្ថកិច្ច ហើយបានជួបនឹងជនរងគ្រោះឈ្មោះ សំអុល សុផានិត ជាម្ចាស់រថយន្តទី១ ទើបនគរបាលរដ្ឋបាលសៀមរាប និង កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌបាននាំជនរងគ្រោះទៅកន្លែងកើតហេតុបានឃើញជនសង្ស័យកំពុងឈរកាន់ដុំថ្ម ០៣ដុំនៅក្នុងដៃ និងឃើញកម្ទេចដុំថ្មរាយប៉ាយពេញដី ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប និង កម្លាំងផ្នែកព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់តែម្តង ៕ អែល វិចិត្រ