មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បើកវគ្គបណ្តុះបណ្តាល ចរិយាធម៌ ទាន សីល សមាធិ បញ្ញា រយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ -២៤ ខែធ្នូ រួចបិទវគ្គប្រគល់សញ្ញាប័ត្រជូនលោកគ្រូ អ្នកគ្រូ នាយក និងនាយិកាសាលា
សន្តិសុខសង្គម
102

ខេត្តកំពង់ស្ពឺ​៖ នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល ចរិយាធម៌ ទាន សីល សមាធិ បញ្ញា រយៈពេល២ថ្ងៃ និងបិទវគ្គប្រគល់សញ្ញាប័ត្រជូនលោកគ្រូ អ្នកគ្រូ នាយក និងនាយិកាសាលា ដោយឡែកសម្រាប់តាជី យាយជី គឺមានរយៈពេល៧ថ្ងៃ ទើបបិទបញ្ចប់វគ្គ ។

ពិធីនេះ មានការនិមន្តអញ្ជើញចូលរួម ពីព្រះមុនីសត្ថា ចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ ឯកឧត្តម សរ សុត្រា អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកជំទាវ ឃុន រចនា រដ្ឋលេខាធិការក្រសួងអប់រំ មហាសទ្ធាបុញ្ញាភិរ័ក្ខសិរីសីលាភិរ័តព្រឹទ្ធាចរិយានី ញឹក ប៊ុនថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ នាយក និងនាយិកាសាលា និងសិស្សានុសិស្ស ជាច្រើនរូប ។

ឆ្លៀតក្នុងឱកាសនេះ មហាសទ្ធាបុញ្ញាភិរ័ក្ខសិរីសីលាភិរ័តព្រឹទ្ធាចរិយានី ញឹក ប៊ុនថា បានឡើងមានប្រសាសន៍ឲ្យបានដឹងថា

ថ្ងៃនេះ ជាថ្ងៃប្រកបដោយបុណ្យកុសលល្អប្រសើរក្រៃលែង ជាថ្ងៃប្រវត្តិសាស្ត្រ ដែលមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលភ្ញៀវដ៏ល្អប្រសើរឧត្ដម ប្រកបដោយចេតនារីករាយ ដែលក្រសួងអប់រំដឹកនាំដោយ រដ្ឋមន្ត្រី បានផ្ដល់ឱកាសឱ្យឯកឧត្តម លោកជំទាវ លោកគ្រូ អ្នកគ្រូ នាយក នាយិកាសាលា បុគ្គលិកអប់រំ មាតាបិតា សិស្ស និងសហគមន៍ បានស្គាល់គ្នា បានសាងបុណ្យជាមួយគ្នា ប្រកបដោយភាពជឿជាក់ និងសាមគ្គីគ្នា បណ្តុះបណ្តាលធនធានមនុស្ស។ តាមរយៈលោកជំទាវ ឃុន រចនា ជាជនគំរូល្អ ជាបុគ្គលមានសុភវិនិច្ឆ័យ តាមមាគ៌ាព្រះពុទ្ធ សម្ដែងកុំជឿង ១០ យ៉ាង មានកុំជឿតាមគេថា កុំជឿដោយឮតៗគ្នាជាដើម។ ញ៉ាំងឱ្យកម្ម វិធីនេះកើតឡើង សម្រេចជាប្រយោជន៍ ក្នុងការស្តាប់ព្រះធម៌អប់រំចិត្ត។ ឆ្លងកាត់រយៈពេលច្រើនឆ្នាំ ដែល លោកជំទាវតាមដាន ប្រវត្តិការងាររបស់ មហាសទ្ធាបុញ្ញាភិរ័ក្ខសិរីសីលាភិរ័តព្រឹទ្ធាចរិយានី ញឹក ប៊ុនថា ទាំងពុទ្ធចក្រនិងអាណាចក្រ ទើបទាក់ទងយកព្រះធម៌ដែលមហាសទ្ធាបុញ្ញាភិរ័ក្ខសិរីសីលាភិរ័តព្រឹទ្ធាចរិយានី ញឹក ប៊ុនថា ពន្យល់ផ្សព្វផ្សាយដល់លោកគ្រូអ្នកគ្រូ និងសិស្ស រហូតដល់ថ្ងៃនេះបានជួបគ្នា។

ក្នុងឱកាសនេះ មហាសទ្ធាបុញ្ញាភិរ័ក្ខសិរីសីលាភិរ័តព្រឹទ្ធាចរិយានី ញឹក ប៊ុនថា សូមអនុញ្ញាតរាយការដោយសង្ខេប ថ្វាយនិងជូនពីការងារសាងសង់កន្លងមក ក្រោយ ពីទទួលបានអនុក្រឹតលេខ ២១៥ អនក្របក ចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៣ បានរៀបចំបង្កើត រចនាសម្ព័ន្ធ ដើម្បីគ្រប់គ្រង មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បន្ទាប់មកសិក្សាស្រាវជ្រាវដី និងគូប្លង់មេ ដែលមានរចនាបទខ្មែរ បូរាណ តាំងពីសម័យមហានគរ។ គណកម្មាធិកានាយក បានប្រជុំគ្នាសិក្សាពីប្លង់មេ និងប្លង់លំអិតមួយៗ ច្រើនលើក និងមានការឯកភាពពីក្រុមប្រឹក្សា និងក្រសួងពាក់ព័ន្ធ ទម្រាំបានសម្រេចអស់រយៈពេល ២ ឆ្នាំ។ ដែលមានការគាំទ្រពីសម្តេចព្រះសង្ឃរាជ ព្រះគណៈសង្ឃនាយក ពីព្រះមហាក្សត្រ ពីសម្តេចទាំង ២ ពីថ្នាក់ ដឹកនាំប្រទេស បានចូលរួមដោយជ្រះថ្លារីករាយ ពិសេស ហ្លួងម៉ែ មាតាបិតាសម្តេចគតិ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានធ្វើជាគំរូដល់មហាជន សម្តេចគាំទ្រយ៉ាងពេលទំហឹង បានចូលរួមដាំដើម ឈើចំនួន ២ លើក គឺឆ្នាំ២០២៣ និង២០២៣រួចមកហើយផងដែរ។ ទោះបីជួបបញ្ហាជាច្រើនដូចជាជំងឺកូវិដ និងវិបត្តិសេដ្ឋកិច្ចពិភពលោក ចំណែកទីតាំងកសាងលំបាកច្រើនក៏ដោយ ក៏មជ្ឈមណ្ឌលនៅតែដំណើរការ សាងសង់ និងសិក្សាព្រះធម៌អប់រំចិត្ត បានដោយរលូន។

មហាសទ្ធាបុញ្ញាភិរ័ក្ខសិរីសីលាភិរ័តព្រឹទ្ធាចរិយានី ញឹក ប៊ុនថា បានបន្តថា ការរួមសហការ បណ្តុះបណ្តាលធនធានមនុស្សនេះសំខាន់ណាស់ ដើម្បីរក្សាតម្លៃវប្បធម៌ប្រពៃណី អក្សសាស្រ្ត ទំនៀមទំលាប់ ក៏ដូចជាជាតិ សាសនា ព្រះមហាក្សត្រ។ សកម្មភាពនេះបានបុណ្យច្រើនណាស់ ធ្វើឱ្យកូនខ្មែរដែលយល់ខុស មកល្អវិញ ជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ព្រោះមានអ្នកដឹកនាំល្អ ទាំងក្នុងសង្គម តូចនិងសង្គមធំ។

ក្នុងឱកាសដ៏ល្អនេះ មហាសទ្ធាបុញ្ញាភិរ័ក្ខសិរីសីលាភិរ័តព្រឹទ្ធាចរិយានី ញឹក ប៊ុនថា សូមអំពាវនាវដល់ទឹកចិត្តអ្នកស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាអ្នកស្រឡាញ់បុណ្យ សន្សំទុកក្នុងសន្តាន សម្តាប់ជួយឲ្យមានភាពរុងរឿងបរិបូណ៍ ដោយទ្រព្យសម្បត្តិ លោកយស សរសើរ សុខ សូមអញ្ជើញចូលកសាង ព្រះធម្មចេតិយ កសាងព្រះចូឡា មណីចេតិយ កសាងមហាប្រាសាទតម្កល់ព្រះពុទ្ធរូប ៨៤,០០០ ព្រះអង្គ។ល។មហាសទ្ធាបុញ្ញាភិរ័ក្ខសិរីសីលាភិរ័តព្រឹទ្ធាចរិយានី ញឹក ប៊ុនថា ជឿជាក់ថា យើងអាចសង់ សំណង់ដ៏ធំនេះបានដោយជោគជ័យ ព្រោះពុំមែនជារបស់បុគ្គលណាមួយឡើយ សង់បានសម្រេចទុកជា សម្បត្តិជាតិ ជាប្រវត្តិសាស្រ្តដល់កូនចៅជំនាន់ក្រោយ ព្រោះកម្លាំងសាមគ្គីរបស់រាជរដ្ឋាភិបាល និងមហាជន ប្រកបដោយឆន្ទៈខ្ពស់។ សូមឱ្យកិច្ចសហការនេះ ប្រព្រឹត្តទៅជានិរន្តរ ប្រកបដោយជោគជ័យគ្រប់កាលៈទេសៈ ទទួលបាន ផ្លែផ្កាល្អ ឈ្នះលើសមរភូមិប្រយុទ្ធរវាងចិត្តល្អ និងចិត្តអាក្រក់ ដើម្បីឈ្នះអវិជ្ជាខ្លួនឯង ញ៉ាំងវិជ្ជាឱ្យកើតឡើង។ សូមឱ្យ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្លាយជាទីគោរពសក្ការៈ ជាកន្លែងសាងបុណ្យ អប់រំចិត្ត បណ្តុះបណ្តាលធនធានមនុស្ស មិនចេះរីងស្ងួត តាមរយៈពាក្យទូន្មានព្រះពុទ្ធ ដែលរដ្ឋាភិបាលបានចាត់ទុកថា ព្រះពុទ្ធសាសនាជាសាសនា របស់រដ្ឋ។

សូមឱ្យ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជាសម្បត្តិបុណ្យ សម្បត្តិជាតិ ជាប្រវត្តិសាស្រ្តដល់កូនចៅជំនាន់ក្រោយ ឱ្យកសាង ប្រទេសជាតិ ទាំងពុទ្ធចក្រនិងអាណាចក្រ ឱ្យខ្លាំងក្លាដូចមហានគរ សូមឱ្យកូនខ្មែរជាពូជខ្មែរអង្គរ រស់ឡើង វិញគ្រប់វិស័យ សូមឱ្យរុងរឿងជារៀងរហូតតទៅ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

មហាសទ្ធាបុញ្ញាភិរ័ក្ខសិរីសីលាភិរ័តព្រឹទ្ធាចរិយានី ញឹក ប៊ុនថា ក៏សូមថ្លែងអំណរគុណដល់ ព្រះមហាក្សត្រនិងសម្តេចម៉ែ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចព្រះសង្ឃនាយក ព្រះមេគណខេត្តកំពង់ស្ពឺ ឯកឧត្តម ស សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ លោកគ្រូ អ្នកគ្រូ នាយក នាយិកាសាលា បុគ្គលិកអប់រំ មាតាបិតា សិស្ស និងសហគមន៍ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលចូលរួមក្នុងកម្មវិធីនេះ។

នៅទីបញ្ចប់នេះ សូមថ្លែងអំណគុណ ជាថ្មីម្តងទៀត ដល់គណអធិបតី ភ្ញៀវកិត្តិយស សប្បុរសជន ទាំងអស់ ដែលបានអញ្ជើញមកដោយភាពស្រឡាញ់រាប់អានគ្នា សាមគ្គីគ្នា បំពេញបុណ្យថ្ងៃនេះ និងសូមថ្វាយ ប្រគេនជូន បុណ្យទាំងអស់ ដែលខ្ញុំព្រះករុណានាងខ្ញុំបានបំពេញហើយ ទាំងអាមិសៈទាន ទាំងធម្មទាន ពិសេសការកសាង មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នេះ សុំឲ្យមានសុខភាពល្អ អាយុវែង មានជ័យជំនះគ្រប់ឧបសគ្គ សូមប្រកបដោយ ពុទ្ធពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ ព្រមទាំងសម្បត្តិ៣ មនុស្ស ទេវតា និងព្រះនិព្វានកុំបីឃ្លៀងឃ្លាតឡើយ។ សូមបុណ្យទាំងអស់ជួយយំគ្រងថែរក្សាប្រកបដោយសម្បត្តិ ៣ ប្រការ គឺសម្បត្តិមនុស្ស សម្បត្តិទេវតា និងសម្បត្តិព្រះនិព្វាន បើមិនទាន់ដល់ព្រះនិព្វានទេ សុំកើតជាតិណាៗកុំឲ្យស្គាល់ក្រលំបាក ដឹងតែមាន ទ្រព្យធ្វើបុណ្យមិនចេះអស់រហូតដល់ព្រះនិព្វាន ៕


Telegram