ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៣អភិបាលរាជធានីភ្នំពេញ បានណែនាំដល់សមត្ថកិច្ចទាំងអស់ត្រៀមកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នាថ្ងៃខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមគោលនយោបានឈ្នះឈ្នះថ្ងៃ២៩ធ្នូ (១៩៩៨-២០២៣) នៅវិមានឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ការថ្លែងបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដល់សមត្ថកិច្ចទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោកទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ថា សម្តេចជាខ្នងបង្អែករបស់កងកម្លាំង ក្នុងការអនុវត្តច្បាប់ ។ ត្រូវធ្វើឱ្យបានត្រឹមត្រូវតាមច្បាប់ ប្រកបដោយឧត្ដមភាព ។ ហាមចំពោះមន្ត្រីប៉ូលីសចរាចរណ៍ មិនត្រូវស្លៀកពាក់ស៊ីវិលហើយប្រើវិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវតែប្រើប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ជៀសវាងឱ្យបានពីការរិះគន់នៃការអនុវត្តច្បាប់ចរាចរណ៍នេះ ។
ឯកឧត្តមបានបន្តថា កម្លាំងមានសមត្ថកិច្ចចរាចរណ៍ មិនមែនអនុវត្តការងារលើតែបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នាក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពោលគឺធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មានសុវត្ថិភាព។ ត្រូវពង្រឹងការទុកដាក់សំរាម ធ្វើឱ្យបរិស្ថានមានភាពល្អប្រសើរ រៀបចំសណ្តាប់ធ្លាប់ឱ្យបានល្អបន្ថែមទៀត មិនឱ្យមានការផ្ញើម៉ូតូ ឡានតាមផ្លូវនិងការលក់ដូរតាមដងផ្លូវដាច់ខាត ជាមួយនឹងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។ ជាងនេះទៅទៀត អាជ្ញាធរខណ្ឌជាប់ព្រំប្រទល់ត្រូវសហការជាមួយស្រុក ខេត្តជាប់ព្រំដែន ដើម្បីរក្សាឱ្យបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ ។
ការងារសន្តិសុខ ជាការងារដែលយើងត្រូវធ្វើជាប្រចាំ ពិសេសនៅចុងឆ្នាំនេះ មានការងារច្រើនណាស់ដែលត្រូវអនុវត្ត ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយសារតែមានកម្មវិធីសប្បាយភាគច្រើន ដែលកងកម្លាំងត្រូវការពារ។ ពង្រឹងលើវិធានការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ដោយខាងសាលាភ្ជាប់ប្រព័ន្ធតេឡេក្រាមជាមួយអាជ្ញាធរនិងកងកម្លាំង ដើម្បីទប់ស្កាត់ ជាមួយនឹងការដាក់កម្លាំងនៅទីតាំងណាដែលមានហានិភ័យ។
ឯកឧត្តមបានបន្ថែមថា ពង្រឹងការអនុវត្តច្បាប់សាងសង់ ត្រូវចុះពិនិត្យមើលការដ្ឋានសាងសង់នៅក្នុងមូលដ្ឋាន ថាតើមានច្បាប់អនុញ្ញាតទេសំដៅរក្សាសុវត្ថិភាពសំណង់ មិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ។ ជាមួយនឹងពិនិត្យឡើងវិញ ចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវាតាមច្រកចេញ ចូលតែមួយកាន់តែល្អប្រសើរ ទទួលបាននូវការពេញចិត្ត ពេញថ្លើមពីប្រជាពលរដ្ឋបន្ថែមទៀត។ ត្រូវត្រៀមកម្លាំងក្នុងពិធីបុណ្យចូលឆ្នាំសកល បុណ្យ៧មករា រំលឹកខួបទី៤៥ឆ្នាំនៃការរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត ៕