រាជធានីភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅយប់ថ្ងៃបុណ្យណូអែល បានធ្វើការឃាត់ខ្លួនយុវជនប្រុសស្រីជាង២០០នាក់ឯណោះ ដែលកំពុងប្រមូលផ្តុំគ្នា មិនទាន់បំបែកគ្នាទៅផ្ទះ ដើម្បីធ្វើការអប់រំណែនាំ ខណៈដែលករណីហិង្សាវាយកាប់ចាក់គ្នានៅលើដងផ្លូវ បាននិងកំពុងកើតមានឡើងជាបន្តបន្ទាប់។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា យុវជនប្រុសស្រីទាំងអស់នេះគឺមានចំនួន ២៤៦នាក់ ត្រូវបានឃាត់ខ្លួននិងធ្វើការណែនាំ រួចអនុញ្ញាតឱ្យទៅគេហដ្ឋានវិញ ដោយឡែកចំពោះម៉ូតូណា ដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស ឬគ្មានឯកសារត្រឹមត្រូវ អត់មានស្លាកលេខ សមត្ថកិច្ចនឹងប្រគល់ឲ្យជំនាញនគរបាលខណ្ឌចំការមន ធ្វើការយកទៅរក្សាទុករង់ចាំមានឯកសារគ្រប់គ្រាន់ទើបប្រគល់ឲ្យវិញ ។
សមត្ថកិច្ចបានបន្តថា នេះជាសារអប់រំណែនាំបន្ត យុវជន យុវតីមួយចំនួន ដែលដើរលេងដាច់យប់ពេលរាត្រី ដើម្បីទប់ស្កាត់បទល្មើសក្មេងទំនើងវាយកាប់ចាក់គ្នា ខណៈថ្មីៗនេះ ទើបតែមានករណី កាប់យុវជនម្នាក់ស្លាប់ ពេលកំពុងអង្គុយលេង ហើយសមត្ថកិច្ចនឹងប្ដេជ្ញាចិត្តក្នុងការបង្ក្រាបក្មេងទំនើង ខណៈក្រុមទាំងនោះ បង្កភាពអនាធិបតេយ្យនៅលើដងផ្លូវ ពេលយប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៕ នុច