ខេត្តសៀមរាប៖ ពិតជារន្ធត់ណាស់លោកអើយ អគ្គីភ័យឆាបឆេះតូបលក់ដូរមុខផ្សារក្រោម យ៉ាងសន្ធោសន្ធៅ ចំម៉ោងកំពុងលង់លក់ក្នុងដំណេក ស្លាប់មនុស្សចំនួន២នាក់ឯណោះ ក្នុងនោះមានទាំងស្ត្រីម្នាក់ និងកូនអាយុ៤ឆ្នាំម្នាក់ទៀត ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង ៤និង៥០នាទីព្រឹក ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ ចំណុចតូបលក់ដូរមុខផ្សារក្រោម (ចាស់) ស្ថិតនៅក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោង តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ពិតជាមានករណីឆេះស្លាប់មនុស្សពិតមែន ដោយក្នុងនោះ ស្លាប់ចំនួន ២នាក់ ដោយសារតែគ្រួសាររបស់គាត់បានចាក់សោរជាប់ពីក្រៅ ចំណែកមូលហេតុនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។
សូមបន្ថែមថា តាមប្រភពព័ត៌មានបានឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះតូបលក់ដូរអស់ចំនួន ៤តូប ផ្ទះចំនួន ០១ខ្នង ខូចខាតទាំងស្រុង ដែលម្ចាស់ផ្ទះជួលតូបឈ្មោះ លី ដារី ភេទស្រី អាយុ៣២ ឆ្នាំមុខរបរលក់ដូរ ។ ក្នុងនោះក៏បានបណ្តាលឲ្យ មនុស្ស២នាក់ស្លាប់បាត់បង់ជីវិត ឆេះខ្លោចតែម្តង រួមមាន ទី១ឈ្មោះ វ៉ឹក ឡាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ លក់ដូរ និងកូនប្រុសម្នាក់ទៀតឈ្មោះ ង៉ិក ឌី អាយុ៤ឆ្នាំ។
ជុំវិញប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៦គ្រឿង រួមមាន រថយន្តស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ០៣គ្រឿង រថយន្តអាជ្ញាធរអប្សរាចំនួន ០២គ្រឿង រថយន្តបុរីទេសចរណ៍ចំនួន ០១គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន ៦ ឡានទើបរលត់នៅវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។ បើតាមរបាយការណ៍បឋម មូលហេតុមិនទាន់ដឹងច្បាស់ច្បាស់លាស់នៅឡើយ។
ខណៈនៅព្រឹកនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នឹងអញ្ជើញចុះទៅពិនិត្យនៅទីតាំងកើតហេតុដោយផ្ទាល់ ជាមួយនឹងសមត្ថកិច្ចជំនាញ ថាតើការឆាបឆេះនេះ បណ្តាលមកពីអ្វីឲ្យប្រាកដ ៕