ស្ត្រីអ្នកបើកឡានព្រូស បុកម៉ូតូនិងកិនបុរសម្នាក់ស្លាប់ កាលពី៣ថ្ងៃមុនពេលនេះ បានចូលខ្លួនមកសារភាពហើយ
សន្តិសុខសង្គម
361

រាជធានីភ្នំពេញ ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក Prius មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុក ម៉ូតូបណ្តាលឱ្យបុរសម្នាក់ ស្លាប់ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៣និង០៦នាទីរសៀល មានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BE-0241 បើកបុក ម៉ូតូម៉ាក ហុងដាសេ១២៥ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងកិនអ្នកបើកបរបណ្តាលឱ្យបុរសម្នាក់ស្លាប់ ហើយភ្លាមៗបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ សល់តែរថយន្តប៉ុណ្ណោះ ។

លុះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង១៤នាទី ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក Prius មានឈ្មោះ អ៊ឹងសុទ្ធ ដាវី ភេទស្រី មានទីលំនៅផ្ទះក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ បានចូលខ្លួនមកសារភាពនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕


Telegram