ជនសង្ស័យ២នាក់ ជាមុខសញ្ញា លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សន្តិសុខសង្គម
107

ខេត្តបាត់ដំបង៖ មានករណីលួច (ទ្រព្យសម្បត្តិ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ឈ្មោះ លឹម ចាន់ថន ហៅប៉ាង ភេទប្រុស​ អាយុ៣៦ឆ្នាំ​ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់​ ខេត្តបាត់ដំបង​ កាលពីវេលាម៉ោងប្រហែល២២ និង៣០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យកបាន គ្រឿងអលង្ការ (ចិញ្ជៀនលោហធាតុពណ៌ទង់ដែង) ចំនួន ៥៤វង់ និងសំលៀកបំពាក់មួយចំនួន ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល​ នៃអធិការដ្ឋាននគរបាលស្រុកបាណន់​ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់​ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យ ០២នាក់ ១.ឈ្មោះ សុត ពិសី ភេទប្រុស​ អាយុ២០ឆ្នាំ និង២.ឈ្មោះ យ៉ាន់ ច័ន្ទថន ភេទប្រុស អាយុ១៥ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់​ ខេត្តបាត់ដំបង​ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់​ដើម្បីធ្វើការសាកសួរ ។

បន្ទាប់ពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាព ប្រើប្រាស់ទូរឺវីសមូលដោះវីស ពីជញ្ជាំងបាំងស័ង្កសីតូបលក់គ្រឿងអលង្ការ និងសំលៀកបំពាក់ របស់ជនរងគ្រោះពិតប្រាកដមែន ។ សម្ភារៈដកហូតបានរួមមាន៖ ចិញ្ជៀន (លោហធាតុពណ៌ទង់ដែង) ចំនួន ៥៤វង់ ។ ទូរឺវីសមានដងពណ៌ខ្មៅលាយពណ៌លឿងចំនួន០១ ។ ខោខាវប៊យជើងវែងចំនួន១៧ ។ ខោក្រណាត់ជើងវែងចំនួន០១ ។ អាវក្រណាត់ដៃវែងចំនួន០៨ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកបាណន់​ សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕


Telegram