រាជធានីភ្នំពេញ៖ ឪពុកម្តាយទ្រហ៊ោយំបោកខ្លួន អោបអង្រួនសពកូនប្រុសជាទីស្រលាញ់ឲ្យក្រោកឡើង ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ ចេញពីរៀន ត្រឡប់ទៅផ្ទះ ត្រូវរថយន្តសណ្តោងរបស់ផែស្ងួតសុកន បើកលឿន បុកនិងកិនយុវជនដែលជាសិស្សសាលាអន្តរជាតិ អាមេរិកាំងប្រ៊ីជ ស្លាប់យ៉ាងរន្ធត់ ភ្លាមៗតៃកុងរថយន្តក៏ត្រូវបានសមត្ថកិច្ចនៅគោលដៅខាងលើ ឃាត់ខ្លួនបានភ្លាមៗផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រោមស្ពានអាកាសជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាច់ញាតិបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ព្រីង លៃហួយ ភេទប្រុស អាយុ១៣ ឆ្នាំ ជាសិស្សរៀននៅសាលាអន្តរជាតិ អាមេរិកាំងប្រ៊ីជ ស្នាក់នៅភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកតៃកុងរថយន្តមានឈ្មោះ គាត គឿន ភេទប្រុស អាយុ២៧ ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KL 7610 ធ្វើដំណើរតាមបណ្តោយផ្លូវឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ដែលទើបតែចេញសាលា បំណងទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសណ្តោង បិទអក្សរសម្គាល់លើរថយន្ត ក្រុមហ៊ុនផែស្ងួតសុកន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D 8479 បើកមកពីក្រោយលឿន ជ្រុលបុកនិងកិនយុវជនខាងលើ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកតៃកុងរថយន្ត ក៏ត្រូវបានសមត្ថកិច្ចនៅគោលដៅខាងលើ ឃាត់ខ្លួនបានភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេក្រោយតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។
ក្នុងនោះ ក្រុមគ្រួសារសពក្មេងរងគ្រោះ បានស្នើសុំរថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនយកទៅស្រុកកំណើតនៅភូមិត្រពាំងរុន ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ជាការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារក្មេងរងគ្រោះ លោកមេបញ្ជាការរងកងពលតូចលេខ៧០ រួមជាមួយក្រុមសង្គ្រោះអង្គភាព៧១១ ចូលជាបច្ច័យមួយចំនួន មានទាំងអង្ករ ជូនដល់គ្រួសារនៃសពផងដែរ ៕