រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ខណៈរថយន្តបង្អន់បត់ ត្រូវម៉ូតូកំពុងលឿនហើយមិនប្រកាន់ចំណែកផ្លូវខាងស្តាំរបស់ខ្លួន បុកពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៥០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវជាតិលេខ០២ មុខបូរីកាំម៉េង ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង ខណៈរថយន្តម៉ាក MlTSUBlSHl CANTER ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2U. 5397 បើកបរដោយឈ្មោះ សំ ចន្ទី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិត្រពាំងចក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ និងម៉ូតូ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FF.4063 បើកបរដោយឈ្មោះ លី ចាន់សុភ័ក្រ ភេទប្រុស អាយុ១៥ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបរស្របទិសគ្នា ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ម៉ូតូបើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន បានបុករថយន្តពីក្រោយចំហៀងខាងស្តាំ ដែលកំពុងបង្អន់បត់ ពេញមួយទំហឹង បណ្តាលអោយបោកដួលតែម្តង ទាំងមិនពាក់មួកសុវត្ថិភាព របួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ។ ចំណែកអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ប្រគល់ទៅអោយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានធ្វើការវាស់វែង ប្រគល់ទាំងម៉ូតូនិងរថយន្ត ទៅអោយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ