សិស្សសាលាម្នាក់ត្រូវបានគេបោក ឲ្យថតរូបសម្តែងធ្វើទា...រុ....ណក.....ម្ម ដើម្បីទារប្រាក់ពីឪពុកម្តាយនៅប្រទេសចិន
សន្តិសុខសង្គម
245

យោងតាមផេកផ្លូវការរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១១ និង៥០នាទីថ្ងៃត្រង់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទទួលពាក្យបណ្តឹងអន្តរាគមន៍តាមរយៈប្រពន្ធទូរស័ព្ទ GDI Hotline ពីជនជាតិចិនឈ្មោះ XIA LINFAN ភេទប្រុស ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ XIA TIAN ភេទប្រុស ជាសិស្សកំពុងសិក្សានៅប្រទេសអូស្ត្រាលី ត្រូវបានក្រុមចាប់ជំរិតបោកបញ្ឆោតឲ្យធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ហើយបង្ខំឲ្យធ្វើលិខិតខ្ចីប្រាក់ ដើម្បីជំរិតទារប្រាក់ពីសាច់ញាតិជនរងគ្រោះ ចំនួន ២,៣៤៤,០០០(លុយចិន) ប្រហែល ៣៣ម៉ឺនដុល្លាអាមេរិក។

បន្ទាប់មក ឪពុករបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងផ្ទាល់នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីស្នើសុំជួយអន្តរាគមន៍។

ក្រោយពីធ្វើការស្រាវជ្រាវអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្វែងរកឃើញជនរងគ្រោះ នៅវេលាម៉ោង ១៥ និង០០នាទីរសៀល នាថ្ងៃដដែល នៅសណ្ឋាគារបាលី ស្ថិតនៅបន្ទប់៣៣៧ នៃសណ្ឋាគារ Bali Hotel ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានពិនិត្យឃើញមានបង់រុំរបួសប្រឡាក់ពណ៌ក្រហម (សង្ស័យសម្តែង) បន្ទាប់មកបានអញ្ជើញជនរងគ្រោះមកធ្វើការសាកសួរបន្ត នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

យោងតាមការសាកសួរ ជនរងគ្រោះត្រូវបានគេបោកបញ្ឆោត ឲ្យថតរូបសម្តែងធ្វើទារុណកម្ម ក្នុងរូបភាពជម្រិតទារប្រាក់ ដើម្បីទារប្រាក់ពីឪពុកម្តាយនៅប្រទេសចិន មិនមានពាក់ព័ន្ធករណីជំរិតទារប្រាក់នោះទេ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមអំពាវនាវដល់ជនបរទេសទាំងអស់កុំឲ្យមានការយល់ច្រលំថាព្រះរាជាណាចក្រកម្ពុជាជាគោលដៅក្នុងការរត់ពន្ធមនុស្ស ឬចាប់ជម្រិត និងសូមកុំយកព្រះរាជាណាច្រកម្ពុជាធ្វើជាទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសដោយលួចលាក់ ឬអំពើណាមួយដែលធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ៕


Telegram