រាជធានីភ្នំពេញ៖ ម៉ូតូរបស់បងប្អូនកម្មករ កម្មការិនីរោងចក្រជាច្រើនគ្រឿង ត្រូវបានឆេះរងការខូចខាត សល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ ឆាបឆេះរោងចក្រកាត់ដេរ មួយកន្លែង បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង៥០នាទី ថ្ងៃត្រង់ទី០២ ខែមករា ឆ្នាំ២០២៤ នៅចំណុចរោងចក្រកាត់ដេរ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ភ្លាមៗគេឃើញមានវត្តមានរបស់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ លោកអភិបាលរងខណ្ឌ លោកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកអធិការរង លោកមេប៉ុស្តិ៍ បានចុះមកដល់ទីតាំងកើតហេតុផងដែរ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ក្រោយពីទទួលបានលេខទូរស័ព្ទរបស់បងប្អូនប្រជាពលរដ្ឋភ្លាម លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យនៅគោលដៅ ធ្វើការចេញរថយន្តជួយអន្តរាគមន៍ភ្លាមៗផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តថា ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះ ត្រូវបានកម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង ១២និង៥០នាទីនាថ្ងៃខែឆ្នាំដដែរ។ ដោយក្នុងនោះប្រើប្រាស់រថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៧ឡាន ស្មើរនឹង២៨ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦មែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ចំពោះមូលហេតុខាងលើគឺបណ្តាលមកពីការឆ្លងកម្តៅចេញពីឡដុតចំហាយ បង្កជាអគ្គិភ័យ ហើយអគ្គិភ័យនេះធ្វើឲ្យខូចខាតសំយាបដំបូលដែកប្រកស័ង្កសី ទំហំ (៥ម៉ែត្រ x ២០ម៉ែត្រ) អស់មួយចំហៀង រួមទាំងម៉ូតូចំនួន ៣០គ្រឿង និងឡដុតចំហាយចំនួន០១ឡ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕ មេសា+វិចិត្រ